ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មិនា ២០, ២០១៩

ឯកឧត្តម យៀប សំណាង តំណាងអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាអមលេខាធិការដ្ឋានអាស៊ាន ដែលទទួលការតែងតាំងថ្មី ប្រគល់លិខិតតែងតាំងជូន ឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន ។

ឯកឧត្តម យៀប​ សំណាង បានប្រគល់លិខិតតែងតាំងជាតំណាងអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា អមលេខាធិការដ្ឋានអាស៊ាន​​​ ជូនឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន នៅវេលាម៉ោង ១១ព្រឹក​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅលេខាធិការដ្ឋានអាស៊ាន  ទីក្រុងហ្សាការតា។

នៅក្នុងមតិសំណេះសំណាល ឯកឧត្តមអគ្គលេខាធិការអាស៊ានបានផ្តាំផ្ញើការសួរសុខទុក្ខ ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី។ ឯកឧត្តម          អគ្គលេខាធិការក៏បានស្នើកម្ពុជាបន្តការពង្រឹងលេខាធិការដ្ឋានអាស៊ាន ដើម្បីឲ្យលេខាធិការដ្ឋាន​អាចមានលទ្ធភាពពេញលេញជួយដល់ប្រទេសសមាជិកអាស៊ាន និងប្រធានអាស៊ាន។ ឯកឧត្តមអគ្គលេខាធិការ  អាស៊ានក៏បានលើកឡើងអំពីការត្រៀមលក្ខណៈជួយដល់កម្ពុជា ក្នុងពេលកម្ពុជា ត្រូវធ្វើជាប្រធានអាស៊ានម្តងទៀត នៅឆ្នាំ២០២២។ ក្នុងនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ានក៏បានរំលឹកអំពីវេនរបស់កម្ពុជាត្រូវតែងតាំងបេក្ខភាពជាអគ្គលេខាធិការអាស៊ានសម្រាប់អាណត្តិ​ ៥ឆ្នាំ (២០២៣ – ២០២៧)។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានពាំនាំការសួរសុខទុក្ខរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ចំពោះឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តមអគ្គលេខាធិការរង និងមន្រ្តីនៃលេខាធិការដ្ឋាន អាស៊ាន។ ឯកឧត្តម បានសម្តែងការអរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមអគ្គលេខាធិការ ចំពោះ សមេ្តចតេជោនាយករដ្ឋមន្រ្តី និង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី។ ឯកឧត្តមបានសង្កត់ធ្ងន់លើការបន្តប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមកសាងសហគមន៍អាស៊ាន ជាពិសេសការជំរុញសមាហរណកម្មអាស៊ានពេញលេញ ការធ្វើឲ្យសម្រេចបាននូវទស្សនវិស័យ​សហគមន៍អាស៊ានឆ្នាំ២០២៥ និងការពង្រឹងស្ថាប័ននៃលេខាធិការដ្ឋានអាស៊ាន។ នៅក្នុងនោះ ឯកឧត្តមក៏បានថ្លែងនូវការអរគុណចំពោះឯកឧត្តមអគ្គលេខាធិការអាស៊ាន និងជារួមដល់មន្រ្តីនៃលេខាធិការដ្ឋានអាស៊ាន ដែលតែងបានផ្តល់នូវកិច្ចសហការល្អជាមួយកម្ពុជា ក្នុងពេលកន្លងមក និងជាពិសេស ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបានសម្តែងនូវក្តីសង្ឃឹម និងស្នើសុំនូវការបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវគោលដៅរួមរបស់អាស៊ាន ជាពិសេស នៅពេលកម្ពុជាត្រូវធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២។