ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មីនា 26, 2019

ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បានទទួលជួបក្រុមប្រឹក្សាធុរះកិច្ចថៃកម្ពុជា (TCBC) (នៃសភាពាណិជ្ជកម្មថៃ)

នៅរសៀលថ្ងៃទី ២០   ខែមីនា ឆ្នាំ ២០១៩ ជាកិច្ចឆ្លើយតបនឹងគោលនយោបាយការទូតសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម  អ៊ូក  សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បានទទួលជួបក្រុមប្រឹក្សាធុរះកិច្ចថៃកម្ពុជា (TCBC) (នៃសភាពាណិជ្ជកម្មថៃ) មានសមាសភាពពាណិជ្ជករចំនួន ៨រូប ដើម្បីសម្តែងការគួរសម ពិភាក្សាការងារជំរុញពាណិជ្ជកម្ម និងកិច្ចសហការទៅថ្ងៃមុខ។ បានផ្លាស់ប្តូរយោបល់ ពិភាក្សា និងឯកភាពនូវចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖

– ស្វាគមន៍ការបន្តបណ្តាក់ទុន និងជំនួញនានានៅកម្ពុជា   និងការសម្របសម្រួលអោយមានការវិនិយោគពីខាងកម្ពុជាមកប្រទេសថៃលើផ្នែកសក្តានុពលមួយចំនួនដូចជាសំណង់ខុនដូរ អាហារដ្ឋាន ។ល។

– ក្នុងអំឡុងពេលមានកិច្ចប្រជុំនានា នៅថៃឆ្នាំ ២០១៩នេះ បន្តសហការរៀបចំអោយមានជំនួបរវាង ថ្នាក់ដឹកនាំក្រសួងសំខាន់ៗរបស់កម្ពុជា   និងក្រុមពាណិជ្ជករ  ដើម្បីជំរុញការរីកចំរើន សេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម  វិនិយោគ នៃប្រទេសទាំងពីរ។

– រៀបចំទទួលជួបបន្តក្រុមពាណិជ្ចករ វិនិយោគិនថៃធំៗ ដើម្បីជម្រាបអំពីឪកាសវិនិយោគ ដែលកម្ពុជាកំពុងមានសក្តានុពល និងស្វែងយល់អំពីតម្រូវការពាណិជ្ជកម្មនៅប្រទេសថៃ។

– បន្ថែមពីនោះ  ស្ថានទូត និងក្រុមប្រឹក្សាធុរះកិច្ច មានគម្រោង រៀបចំអោយចេញជារូបរាងនូវ ទស្សនកិច្ចពាណិជ្ជកម្មជំរុញទេសចរ  និងការដឹកជញ្ជូនតាមឆ្នេរសមុទ្រ និងទេសចរណ៍វប្បធ៌មតាមរយះការធ្វើសិក្ខាសាលានៅថៃ និងការអញ្ជើញអង្គទូតសំខាន់ៗទៅទស្សនកិច្ចនៅកម្ពុជា នៅពេលសមស្រប ក្នុងឆ្នាំ ២០១៩នេះ ។