ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មីនា 26, 2019

ឯកឧត្តមឯកអគ្គរាជទូត បានអមដំណើរ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកគណៈប្រតិភូ ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ លោកជំទាវ Tong Thi phong អនុប្រធានទី១ រដ្ឋសភាជាតិវៀតណាម

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១០:០០ នាទី ឯកឧត្តមឯកអគ្គរាជទូត  លោក ជា សម្បត្តិ លេខាធិការទី១ និងលោក សរ ច័ន្ទតារា លេខាធិការទី៣ បានអមដំណើរ លោកជំទាវ
ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកគណៈប្រតិភូ ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ លោកជំទាវ Tong Thi phong អនុប្រធានទី១ រដ្ឋសភាជាតិវៀតណាម នៅអាគារ
រដ្ឋសភាវៀតណាម ទីក្រុងហាណូយ ស.ស.វៀតណាម។

លោកជំទាវ ឃួន សុដារី បានមានប្រសាសន៍ ជម្រាបជូនអំពីគោលបំណង នៃការបំពេញទស្សន-កិច្ចមិត្តភាព និងជាផ្លូវការរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជានាពេលនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមករវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរកម្ពុជា-វៀតណាម ក្នុងនោះរួមមានការផ្លាស់ប្តូរបទពិសោធន៍ផ្នែកនយោបាយការបរទេសសភា ក៏ដូចជាការស្នើសុំឲ្យភាគីវៀតណាមចែករំលែកនូវបទពិសោធន៍ក្នុងការរៀបចំប្រជុំអាសិប  និងអាសិម  (ASEP,ASEM) ដែលប្រទេសវៀតណាមធ្លាប់បានធ្វើជាម្ចាស់ផ្ទះទទួលជោគជ័យកន្លងមក ហើយដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២០ ខាងមុខនេះ។

គួរឲ្យកត់សម្គាល់ លោកជំទាវ តុង ធិហ្វុង បានអបអរសាទរ និងវាយតម្លៃខ្ពស់ ដល់ព្រះរាជាណា-ចក្រកម្ពុជា ដែលបានរៀបចំប្រកបដោយជោគជ័យនូវការបោះឆ្នោតសាកល នីតិកាលទី៦ កាលពីឆ្នាំ ២០១៨ ហើយក៏សូមអបអរសាទរផងដែរ ដែលសភាកម្ពុជាបានទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំ APPF កាលពីដើមឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ។

លោកជំទាវ តុង ធិហ្វុង ក៏បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងការបរទេសកម្ពុជា-វៀតណាម កិច្ចសហប្រតិបត្តិការរវាងគណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសទាំងពីរ ក៏ដូចជាស្ថានទូតនៃប្រទេសទាំងពីរ ដែលបានរួមចំណែកតភា្ជប់ឲ្យមានដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានាពេលនេះ។

ភាគីទាំងពីរគ្រោងនឹងរៀបចំឲ្យមានជាដំណើរទស្សនកិច្ចជាផ្លូវការរបស់ក្រុមសភាជាតិជាស្រ្តី នៃប្រទេសទាំងពីរ ឬរៀបចំឲ្យមានសិក្ខាសាលា ដើម្បីផ្លាស់បទពិសោធន៍ ចំណងមិត្តភាព និងកិច្ចសហ-ប្រតិបត្តិការរវាងសមាជិកជាស្រ្តីនៃរដ្ឋសភាកម្ពុជា-វៀតណាម។

ជាចុងក្រោយ ភាគីវៀតណាម បានលើកសរសើរគណៈប្រតិភូរដ្ឋសភាកម្ពុជានាពេលនេះ គឺពិតជាមានកិត្តិយស និងមោទនៈភាពជាទីបំផុត ដោយដំណើរទស្សនកិច្ចនាពេលនេះមានសមាជិករដ្ឋសភាជាស្រ្តីជាច្រើនរូបបានអញ្ជើញមក ដែលនេះជាបទពិសោធន៍ដ៏ល្អមួយសម្រាប់រដ្ឋសភាវៀតណាម៕