សេចក្តីប្រកាសព័ត៌មាន

  • ខែ​ឧសភា 27, 2016

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ ដឹក​នាំ​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​មួយ​អញ្ជើញ​ទៅ​ចូល​រួម​​ “វេទិ​កា​សេដ្ឋ​កិច្ច​ពិភព​លោក​លើក​ទី ​២៥​ ស្តី​ពី​អាស៊ា​ន​” នៅ​ទីក្រុង​គួឡា​ឡាំពួ​រ​ ប្រទេស​ម៉ាឡេ​ស៊ី

     សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់មួយអញ្ជើញទៅចូលរួម “វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៥ ស្តីពីអាស៊ាន” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ០១ និងទី ០២ ខែ មិថុនា ឆ្នាំ ២០១៦តាមការអញ្ជើញរបស់ឯកឧត្តម ដាតុ ស្រ៊ី ម៉ូដ ណាជីប ប៊ិន ទុន ហាជី អាប់ឌុល រ៉ាហ្សាក់ (Dato’ Sri Mohd Najib bin Tun Haji Abdul Razak) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី  និងសាស្រ្តាចារ្យ ក្លៅស៍ ស្កវេប (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក។

      បន្ទាប់ពីការអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៥ ស្តីពីអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី នៅថ្ងៃទី ០៣ និងទី ០៤ ខែ មិថុនា ឆ្នាំ ២០១៦ តាមការអញ្ជើញរបស់ឯកឧត្តម ដាតុ ស្រ៊ី ម៉ូដ ណាជីប ប៊ិន ទុន ហាជី អាប់ឌុល រ៉ាហ្សាក់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី  ដើម្បីលើកកំពស់ និងធ្វើអោយកាន់តែស៊ីជំរៅថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ។

          គណៈប្រតិភូអមដំណើររួមមាន ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហ-ប្រតិបត្តិការអន្តរជាតិ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។

          ដោយផ្អែកលើកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងទសវត្សរ៍ចុងក្រោយនេះ និងការបើកចំហរបស់កម្ពុជាសំរាប់ការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល “វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៥ ស្តីពីអាស៊ាន” នេះ នឹងផ្តល់កាលានុវត្តភាពដ៏ល្អដល់ថ្នាក់ដឹកនាំកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងទស្សនៈជាមួយ

       ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល អង្គការអន្តរជាតិ ធុរកិច្ច និងសង្គមស៊ីវិល អំពីរបៀបដោះស្រាយការប្រឈមនានាក្នុងតំបន់នាពេលថ្មីៗនេះ ដើម្បីសំរេចអោយបាននូវកំណើនប្រកបដោយចីរភាពក្នុងតំបន់ ជាពិសេសអំពីរបៀបធ្វើអោយសហគមន៍អាស៊ានរីកលូតលាស់ទៅមុខ។

          ដូចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងរួមជាមួយថ្នាក់ដឹកនាំសំខាន់ៗដទៃទៀត ថ្លែងសុន្ទរកថាក្នុងវេទិកានេះក្រោមមូលបទ “ការរៀបចំរបៀបវារៈអាស៊ានសំរាប់ប្រជាជនទាំងអស់ និងការរីកចំរើន” ហើយបន្ទាប់មកសម្តេចតេជោ នឹងអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំអាស៊ាន ក្នុងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំពាណិជ្ជកម្មពិភពលោក ស្តីពី “បដិវត្តន៍ឧស្សាហកម្មលើកទី៤ របស់អាស៊ាន”

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងជួបចរចាផ្លូវការជាមួយឯកឧត្តម ដាតុ ស្រ៊ី ម៉ូដ ណាជីប ប៊ិន ទុន ហាជី អាប់ឌុល រ៉ាហ្សាក់។ បន្ទាប់ពីកិច្ចចរចា នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនដូចខាងក្រោមៈ

១- អនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន និងការផ្សាយតាមរលកធាតុអាកាស។

២- អនុស្សរណៈយោគយល់ ស្តីពីកម្មវិធីអ្នកស្ម័គ្រចិត្តអន្តរជាតិ MYCORPS នៅកម្ពុជា។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចផ្លូវការនេះ នឹងមានចេញផ្សាយសេចក្តីថ្លែងការណ៍រួមមួយ។

                                                  ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៦

ទាញយក PDF