សេចក្តីប្រកាសព័ត៌មាន

  • ខែ​ឧសភា 30, 2016

ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋឥណ្ឌូណេស៊ី សម្របសម្រួលមាតុភូមិនិវត្តន៍របស់ពលករខ្មែររងគ្រោះចំនួន៥៤នាក់

   ១– តាមរបាយការណ៍ចុងក្រោយដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបានពីស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋឥណ្ឌូណេស៊ី  នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦ បានអោយដឹងថា ស្ថានទូត បានសហការជាមួយអាជ្ញាធរឥណ្ឌូណេស៊ី និងអង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) រៀបចំមាតុភូមិនិវត្តន៍របស់ពលករខ្មែររងគ្រោះចំនួន៥៤នាក់ ពីកោះ Pontianak ប្រទេសឥណ្ឌូ-ណេស៊ី ជាពីរក្រុម៖

      -ក្រុមទី១ មានចំនួន២៧នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១៧:១០នាទីល្ងាច តាមជើងយន្តហោះ MH៧៦២

     -ក្រុមទី២ មានចំនួន ២៧ នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ១៧:១០នាទីល្ងាច តាមជើងយន្តហោះ MH៧៦២

      ២- ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរចំនួន      ០១ នាក់ ឈ្មោះហេង តូច អាយុ២៦ឆ្នាំ មានស្រុកកំណើត នៅភូមិអំពិលកញ្ច្រិញ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលបានទៅធ្វើការជាស្រ្តីជំនួយការមេផ្ទះ នៅប្រទេសម៉ាឡេស៊ី  តាំងពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១១ តាមរយៈក្រុមហ៊ុន PH នៅកម្ពុជា និងក្រុមហ៊ុន LAW & CHEW នៅម៉ាឡេស៊ី និងបានទៅស្ថានទូត នៅថ្ងៃទី១៤ខែឧសភា ឆ្នាំ២០១៦ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

       តាមការសំរបសំរួលរបស់ស្ថានទូត ថៅកែបានបើកប្រាក់ខែជូនគ្រប់ចំនួន និងយល់ព្រមទិញសំបុត្រយន្តហោះ ឱ្យពលការិនីរូបនេះ។

      ពលការិនី ហេង តូច បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ២៩ ខែឧសភា  ឆ្នាំ២០១៦ វេលាម៉ោង ០៣:៥៥ នាទី រសៀល តាមជើងយន្តហោះ AK ៥៣៤

       កំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងហូប-ចុក ជូនដល់ពលការិនី ហេង តូច ផងដែរ ។

ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៦