ដំណឹង

  • ខែ​ឧសភា 25, 2016

ឯក​ឧត្តម​ទេស​​រដ្ឋ​មន្ត្រី​ ប្រាក់ ​សុខុន ​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ឯក​ឧត្តម​ Francesco ​Saverio​ Nisio​ ​ឯក​អគ្គរដ្ឋ​ទូត​អ៊ីតាលី​ប្រចាំ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​

  នៅរសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៦ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Francesco Saverio Nisio ឯកអគ្គរដ្ឋទូតអ៊ីតាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ។

  នៅក្នុងជំនួបនេះឯកឧត្តមឯកអគ្គរដ្ឋទូត បានពាំនាំនូវការផ្ដាំផ្ញើរបស់រដ្ឋមន្រ្តីការបរទេសអ៊ីតាលី ជូនចំពោះឯកឧត្តមឯកឧត្តមទេស រដ្ឋមន្រ្តី សំដែងនូវអំណរសាទរចំពោះការតែងតាំង ឯកឧត្តមទេសរដ្ឋមន្រ្តី ជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងការត្រៀមខ្លួនរបស់ឯកឧត្តមរដ្ឋមន្រ្តីការបរទេស អ៊ីតាលីក្នុងការធ្វើការងារយ៉ាងជិតស្និទជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

      ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីការផ្លាស់ប្ដូរ ការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាក អន្តរ ជាតិ ហើយនៅក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានប្រគល់ជូនឯកឧត្តមទេសរដ្ឋមន្រ្តី នូវសារលិខិតរបស់ឯកឧត្តមរដ្ឋមន្រ្តីការ បរទេសអ៊ីតាលីដែលក្នុងនោះបានសំដែងនូវអំណរគុណរបស់រដ្ឋាភិបាលអ៊ីតាលី ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសំរេចគាំទ្រអ៊ីតាលីជាសមាជិកមិនអចិន្រ្តៃយ៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំរាប់អាណត្តិ២០១៧-២០១៨ ដែលការបោះឆ្នោតនឹងប្រព្រឹត្តិទៅនៅខែមិថុនាខាងមុខ។

    នៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្ដូរយោបល់គ្នាពាក់ព័ន្ធនឹងការពង្រឹងនិងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ  ដោយផ្តោតជាសំខាន់ទៅលើការជំរុញការអនុវត្តន៍អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកទេសចរណ៍ និងអនុស្សារណៈ ស្ដីពីការសុំកូនចិញ្ចឹម ។

    នៅក្នុងការអនុវត្តអនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការ លើផ្នែកទេសចរណ៍រវាងប្រទេសទាំងពីរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៍ចំពោះការចុះហត្ថលេខារវាងប្រទេសទាំងពីរលើអនុស្សារណៈនេះ កាលពីឆ្នាំ២០១៥ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវអោយមានការអនុវត្តនូវអនុស្សារណៈនេះ អោយបានឆាប់រហ័ស និងអោយមានការកោះប្រជុំលើកដំបូង នូវក្រុមការងារចំរុះរបស់ប្រទេសទាំងពីរក្នុងការជំរុញការអនុវត្ត អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍នេះ។

   ឯកឧត្តមទេសរដ្ឋមន្រ្តី បានពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត ពីការទាក់ទាញទេសចរណ៍អ៊ីតាលីមកកាន់កម្ពុជា ដូចជាការបង្កើតអោយមានភោជនីយដ្ឋានអ៊ីតាលី ការរៀបចំអោយមានមគ្គុទេ្ទសក៍ទេសចរណ៍ដែលអាចនិយាយភាសាអ៊ីតាលី  ហើយនិងការរៀបចំនូវក្រុមដំណើរទេសចរជាក្រុម មកទស្សនកិច្ចនៅច្រើនប្រទេស ដូចជានៅប្រទេស ថៃ កម្ពុជា និងឡាវ ។

 នៅក្នុងការពិភាក្សាអំពីអនុស្សារណៈស្តីអំពីការសុំកូនចិញ្ចឹមកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានឯកភាពគ្នាធ្វើការសម្របសម្រួលជាមួយនិងបណ្តាស្ថាប័នពាក់ព័ន្ធ របស់ប្រទេសទាំងពីរក្នុងការជំរុញការអនុវត្តអនុស្សារណៈស្តីពីការសុំកូនចិញ្ចឹមនេះដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៤ ។

  ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូន ឯកឧត្តមទេសរដ្ឋមន្រ្តី អំពីការតាំងចិត្តរបស់រដ្ឋាភិបាលអ៊ីតាលីក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងបានបញ្ជាក់ថា ក្នុងឋានៈឯកឧត្តម ជាឯកអគ្គរដ្ឋទូត  ឯកឧត្តម នឹងខិតខំបន្ថែមទៀតក្នុងការអនុវត្តនូវបំណងប្រាថ្នាខាងលើនេះរបស់រដ្ឋាភិបាលអ៊ីតាលី។

ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០១៦