សេចក្តីប្រកាសព័ត៌មាន

  • ខែ​មេសា 22, 2016

ឯក​ឧត្តម​ទេស​រដ្ឋមន្រ្តី ​ប្រាក់ ​សុខុន​ ដឹក​នាំគណៈ​ប្រតិភូ​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​លើក​ទី៥ នៃ​សន្និសីទ​អន្តរសកម្មភាព​ និង​វិធា​ន​ការកសាង​ទំនុក​ចិត្ត​​​នៅ​អាស៊ី នៅ​ទី​ក្រុងប៉េកាំ​ង​ សាធារណ​រដ្ឋ​ប្រជា​មានិតចិន។

   តាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនឯកឧត្តមប្រាក់ សុខុន ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា-ណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី ៥នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ីដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៧ ដល់ទី ២៨ ខែ មេសាឆ្នាំ ២០១៦នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

    កិច្ចប្រជុំនេះ នឹងផ្តោតលើការពង្រឹងគ្នាទៅវិញទៅមករវាងសន្តិសុខ និងការអភិវឌ្ឍន៍ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការអនុវត្តន៍វិធានការកសាងទំនុកចិត្តក្នុងក្របខ័ណ្ឌនានានៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។

   កិច្ចប្រជុំនេះគ្រោងនឹងអនុម័តលើ“សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី ៥ នៃសន្និសីទអន្តរសកម្មភាព និង វិធានការ កសាងទំនុកចិត្តនៅអាស៊ី”

   សន្និសីទអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ីគឺជាវេទិកាអន្តររដ្ឋាភិបាលសំរាប់បង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការជំរុញសន្តិភាព សន្តិសុខ និងស្ថេរភាពនៅអាស៊ី។ សន្និសីទនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ១៩៩៩ និងមានរដ្ឋសមាជិកចំនួន២៦ រដ្ឋសង្កេតការចំនួន០៧ និងអង្គការសង្កេតការចំនួន០៤។

ថ្ងៃទី ២២ខែ មេសា ឆ្នាំ ២០១៦