សេចក្តីប្រកាសព័ត៌មាន

  • ខែ​មិថុនា 28, 2016

ជំនួប​រវាង​ឯក​ឧត្តម​ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុខុន ​និង​ឯក​ឧត្តម​ Philippe Douste Blazy

នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ១៦:៣០ នាទី នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប ឯកឧត្តមPhilippe Douste Blazy អគ្គលេខាធិការរងអ.ស.ប អតីតរដ្ឋមន្ត្រី សុខាភិបាល និងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសបារាំង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើររបស់ឯកឧត្តម Philippe Douste Blazy មកកាន់កម្ពុជា ហើយវាយតំលៃថាជំនាញ បទពិសោធន៍ ការប្តេជ្ញាចិត្ត ព្រមទាំងមុខតំណែងបច្ចុប្បន្នរបស់ឯកឧត្តម គឺជាគុណវឌ្ឍ ដ៏ប្រសើរបំផុតសម្រាប់បេក្ខភាពនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងបារាំង ពិសេសលើ វិស័យសុខាភិបាល ដោយឯកឧត្តមបានគូសបញ្ជាក់ពីការជួយឧបត្ថម្ភដ៏ច្រើនរបស់បារាំង ចំពោះកម្ពុជាលើផ្នែកនេះ ។

ឯកឧត្តម Philippe Douste Blazy បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី នៅក្នុងដំណើរមួយមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វីក ដើម្បីស្វែង រកការគាំទ្រសម្រាប់បេក្ខភាពរបស់ឯកឧត្តមផ្ទាល់សម្រាប់មុខតំណែងជាអគ្គនាយករបស់អង្គការសុខភាពពិភពលោក អំពីការតាំងចិត្តរបស់ឯកឧត្តមចំពោះការងារដែលត្រូវបំពេញនៅក្នុងអង្គការសុខភាពពិភពលោក

ពិសេសអំពីសិទ្ធិក្នុងការទទួលបាននូវសេវាសុខាភិបាលសម្រាប់គ្រប់ៗគ្នា និងការធ្វើប្រជាធិបតេយ្យភាវូបនីយកម្មសុខាភិបាលដែល នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសក្រីក្រក្នុងលោក។

ឯកឧត្តម Philippe Douste Blazy ក៏បានគូសបញ្ជាក់ជូនឯកឧត្តមទេសរដ្ឋមន្រ្តីអំពីការយកចិត្តទុកដាក់ និងការ ផ្តល់ សារៈ សំខាន់ របស់រដ្ឋាភិបាលបារាំងចំពោះអង្គការសុខភាពពិភពលោកនេះ។ ឯកឧត្តមក៏បានសំដែងការកោតសរសើរ ចំពោះជោគជ័យ ជាច្រើន ដែល កម្ពុជាសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងជំងឺធំៗមាន អេដស៍ របេង និងគ្រុនចាញ់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសមានចិត្ត និងការប្តេជ្ញាចិត្ត របស់ឯកឧត្តម Philippe Douste Blazy ហើយ បានគូសបញ្ជាក់ថា កម្ពុជាមានការពេញចិត្ត ហើយនឹងធ្វើការពិនិត្យពិចារណាដោយយកចិត្តទុកដាក់ ចំពោះបេក្ខភាពរបស់ ឯកឧត្តម Philippe Douste Blazy

ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៦