សេចក្តីប្រកាសព័ត៌មាន

  • មិថុនា ២៨, ២០១៦

ជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ ឯកអគ្គរាជទូតស៊ុយអែត Anna Maj Hultgard

នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១៥:៣០ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតអោយលោកជំទាវ Anna Maj Hultgard ឯកអគ្គរាជទូតស៊ុយអែត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជំរាបលា ក្នុងឱកាសដែលលោកជំទាវបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការ និងការជួយឧបត្ថម្ភរបស់ស៊ុយអែតចំពោះកម្ពុជា ជាពិសេសគឺក្រោយការដួលរលំនៃរបបប៉ុលពត នៅពេល កម្ពុជាស្ថិតនៅក្រោមគំនាបសេដ្ឋកិច្ចពីខាងក្រៅ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះលោកជំទាវ ឯកអគ្គរាជទូតដែលបានខិតខំ ប្រឹងប្រែងយ៉ាងសកម្មក្នុងការពង្រឹងនិងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោកជំទាវឯកអគ្គរាជទូត បានសំដែងនូវមនោសញ្ចេតនារីករាយ ក្នុងពេលដែលលោកជំទាវ ស្នាក់នៅ និងបំពេញការងារការទូតនៅ កម្ពុជា ហើយបានវាយតំលៃខ្ពស់ចំពោះសក្ដានុពលផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដ៏ខ្លាំងក្លា និងគួរអោយកោតសរសើរនៅ កម្ពុជា។ លោកជំទាវ ក៏បានសំដែងនូវការចាប់អារម្មណ៍ចំពោះបរិយាកាសនៃការទាក់ទាញវិនិយោគទុន នៅកម្ពុជា ហើយលោក ជំទាវ បានជួយជំរុញអោយមានទំនាក់ទំនងលើផ្នែកធុរកិច្ចរវាងប្រទេសទាំងពីរ។

លោកជំទាវឯកអគ្គរាជទូត ក៏បានមានប្រសាសន៍ថា លោកជំទាវនឹងណែនាំឲ្យអ្នកដែលបន្តតំណែងពីលោកជំទាវ បន្តពង្រឹងពង្រីក ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តទៅទៀត។

លោកជំទាវឯកអគ្គរាជទូត បានជំរាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីថា ក្នុងពេលបំពេញការងារនៅ កម្ពុជា លោកជំទាវ បានខិតខំអោយ មានការវាយ តំលៃមួយដ៏ត្រឹមត្រូវ និងប្រកដោយការថ្លឹងថ្លែងចំពោះកម្ពុជា ពិសេសចំពោះការរីកចំរើនលើ ផ្នែកសេដ្ឋកិច្ច ដ៏គួរអោយ កោតសរសើរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះលោកជំទាវដែលបានប្រកាន់នូវការវាយតំលៃ ដ៏ត្រឹមត្រូវចំពោះកម្ពុជា និងបានរួម ចំណែកដ៏សំខាន់ក្នុងការជំរុញវិនិយោគទុនមកកម្ពុជា ពិសេសគឺការខឹតខំពន្យល់ ផ្សព្វផ្សាយ បញ្ចុះបញ្ចូលអ្នកវិនិយោគស៊ុយអែត ឲ្យមកដាក់ទុននៅកម្ពុជា តាមរយៈការរៀបចំទស្សនកិច្ច និងវេទិកាផ្សព្វផ្សាយនៅក្រៅប្រទេស និងតាមរយៈការសរសរអត្ថបទ និងបទសំភាសន៍ក្រោមប្រធានបទ «កម្ពុជាជាគោលដៅសំរាប់អ្នកវិនិយោគទុន» ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរចំពោះជំនួយឧបត្ថម្ភរបស់ស៊ុយអែត ចំពោះ កម្ពុជាក្នុងរយៈពេលកន្លងមក និងបាន សំដែងនូវក្ដីសង្ឃឹមថាឯកអគ្គរាជទូតស៊ុយអែតថ្មី នឹងបន្តនូវការ ពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងការលើកស្ទួយសិទ្ធិមនុស្ស ប្រជាធិបតេយ្យ នីតិរដ្ឋ អប់រំ ទីផ្សារការងារ ការប្រែប្រួលធាតុអាកាស ការប្រើប្រាស់ដោយចិរភាពនូវធនធានធម្មជាតិ ការអភិវឌ្ឍន៍ជនបទ ការបោសសំអាតមីន…។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនលោកជំទាវឯកអគ្គរាជទូត អំពីការសំរេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្របេក្ខភាពរបស់ប្រទេស ស៊ុយអែតជាសមាជិកមិន អចិន្រ្តៃយ៍ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សំរាប់អាណត្តិឆ្នាំ២០១៧-២០១៨ ហើយការបោះឆ្នោតនោះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នេះ នៅទីក្រុងញូវយ៉ក។

ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០១៦