សេចក្តីប្រកាសព័ត៌មាន

  • ខែ​កក្កដា 18, 2016

ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ ប្រាក់​ សុខុន​ ​នឹងដឹក​នាំ​គណៈ​​ប្រ​តិ​ភូ​អញ្ជើញ​ទៅ​ចូល​រួម​កិច្​ចប្រជុំ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាស៊ាន​ និង​កិច្ច​ប្រជុំ​ពាក់ព័​ន្ធ​​

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដូចខាងក្រោម ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមការអញ្ជើញរបស់ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត (Saleumxay KOMMASITH) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖

  • កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៤៩
  • កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
  • ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស
  • សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស
  • កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូក៣លើកទី១៧
  • កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី៦ និង
  • ­វេទិកាតំបន់អាស៊ានលើកទី ២៣។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធ មានគោលដៅពង្រឹងការកសាងសហគមន៍អាស៊ាន និងតួនាទីស្នូលរបស់អាស៊ានក្នុងការវិវត្តន៍និម្មាបនកម្មតំបន់ ក៏ដូចជាការធ្វើអោយកាន់តែស៊ីជំរៅនូវកិច្ចសហប្រតិបត្តិការអាស៊ានជាមួយដៃគូ និងមិត្តភក្តិ ដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថេរភាព និងវិបុលភាពបន្ថែមទៀតក្នុងតំបន់ និងក្រៅតំបន់។

ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ដូចខាងក្រោមៈ

  • កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃគំនិតផ្តួចផ្តើមមេគង្គក្រោមលើកទី៩
  • កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី៩
  • កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី៧ និង
  • កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-កូរ៉េលើកទី៦។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសឡាវ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រួមជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត នឹងជួបសំដែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត (Thongloun SISOULITH) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីផងដែរជាមួយ រដ្ឋមន្រ្តីការបរទេស និងប្រមុខគណៈប្រតិភូនៃប្រទេសមួយចំនួន ។

ថ្ងៃទី ១៨  ខែ កក្កដា  ឆ្នាំ ២០១៦