សេចក្តីប្រកាសព័ត៌មាន

  • ខែ​កក្កដា 11, 2016

សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ នឹងដឹក​នាំ​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ កំពូល​អាស៊ី-​អឺរ៉ុប​លើក​ទី១១​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅ ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១១ “The 11th ASEM Summit ” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៦ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី តបតាមការអញ្ជើញរបស់ឯកឧត្តម ត្សាឃីអាហ្គីន អែលប៊េឌូរ្ស (Tsakhiagiin Elbegdorj) ប្រធានាធិបតីម៉ុងហ្គោលី ។

គណៈប្រតិភូអមដំណើររួមមាន ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំពេញអង្គរបស់កិច្ចប្រជុំកំពូល អាស៊ី-អ៊ឺរ៉ុបលើប្រធាន បទ “ ការតភ្ជាប់ផ្នែកទន់ ” ។

ក្រោមប្រធានបទ រយៈពេល២០ឆ្នាំនៃកិច្ចប្រជុំអាស៊ី – អឺរ៉ុប ៖ ភាពជាដៃគូរសម្រាប់ អនាគតតាមរយៈការតភ្ជាប់កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១១ នឹងពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន រួមមាន ការវាយតម្លៃលើបទពិសោធន៍របស់ ASEM ក្នុងរយៈពេល២០ឆ្នាំ កន្លងមក ការកសាងការតភ្ជាប់ផ្នែករឹង និងទន់រវាងអាស៊ី-អឺរ៉ុប ទិសដៅអនាគតរបស់ ASEM បំរែបំរួលអាកាសធាតុ ការអភិវឌ្ឍន៍ប្រកប ដោយចីរភាពនិងប្រព័ន្ធពហុពាណិជ្ជកម្ម ការកាត់បន្ថយ និង ការគ្រប់គ្រងហានីភ័យគ្រោះធម្មជាតិ សន្តិសុខថាមពល សន្តិសុខស្បៀង ការគ្រប់គ្រងទឹក ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ។

កិច្ចប្រជុំកំពូល គ្រោងនឹងអនុម័តលើឯកសារស្តីពីលទ្ធផលកិច្ចប្រជុំសំខាន់ពីរគឺ៖ សេចក្តីប្រកាសអ៊ូឡង់បាទ័រ (The Ulaanbaatar Declaration) និងសេចក្តីថ្លែងការណ៍របស់ ប្រធានអង្គប្រជុំ (The Chair’s Statement)។

ក្រៅពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងជួប ទ្វេភាគីជាមួយឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជា- មានិតចិន  ឯកឧត្តម ស៊ីន ហ្សូអាបេ (Shinzo Abe) នាយករដ្ឋមន្រ្តីជប៉ុន និងលោក ជំទាវ     ប៉ាក គឿនហេ (Park Geun-hye) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ

                                                              ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៦