សេចក្តីប្រកាសព័ត៌មាន

  • ខែ​កក្កដា 9, 2016

សេចក្តីប្រកាស របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាក់ទងនឹងការកាត់ក្តីរបស់តុលាការមជ្ឈត្តិកម្មអន្តរជាតិ

ប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីតុលាការមជ្ឈត្តិកម្មអចន្ត្រៃយ៍ទីក្រុងឡាអេបានកំណត់យកថ្ងៃ ទី១២ ខែកក្កដា ឆ្នាំ២០១៦ ជាថ្ងៃចេញ សាលដីការបស់តុលាការពាក់ព័ន្ធនឹងបណ្តឹងរបស់ប្រទេស ហ្វីលីពីន ក្នុងជំលោះជាមួយប្រទេសចិន លើបញ្ហាសមុទ្រចិនខាងត្បូងនោះ មក មានការពិភាក្សា ការវិភាគ និងការព្រួយបារម្ភដែលកើតមានឡើងក្នុងមជ្ឈដ្ឋាន និងពីសំណាក់ប្រទេសមួយចំនួន។

          ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈ នូវជំហររបស់កម្ពុជា ពីរលើករួច មកហើយ គឺម្តងនៅថ្ងៃទី ២០ ខែមិថុនា និងម្តងទៀតនៅថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០១៦ ដោយបញ្ជាក់ថា កម្ពុជានឹងមិនភ្ជាប់ខ្លួនទៅ នឹង ដំណើរខាងលើនេះឡើយ។

       ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបញ្ជាក់សារជាថ្មីអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះ ដំណើរ ការមជ្ឈត្តិកម្មខាងលើនេះដូចតទៅ៖

          ១. កម្ពុជាយល់ថា បណ្តឹងរបស់ប្រទេសហ្វីលីពីន គឺដើម្បីសុំឲ្យតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ ដោះស្រាយជំលោះរបស់ខ្លួនជាមួយ ប្រទេសចិន ហើយដែលដំណើរការនេះមិនពាក់ព័ន្ធជាមួយរដ្ឋទាំងអស់ជាសមាជិក ASEAN ឡើយ។

          ២.  ដោយហេតុនេះ   កម្ពុជានឹងមិនចូលរួមក្នុងការបញ្ចេញជំហររួមណាមួយចំពោះសាលដីកាតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ដែល នឹងធ្វើការសំរេចលើវិវាទរវាងប្រទេសហ្វីលីពីន និងប្រទេសចិននេះឡើយ។

          ៣. ទោះជាយ៉ាងណាក៏ដោយ  ក្នុងនាមជាមិត្តរបស់ភាគីជំលោះទាំងសង្ខាង និងក្នុងគោល           បំណងរក្សាសន្តិភាព សន្តិសុខ ស្ថេរភាព នៅសមុទ្រចិនខាងត្បូង ក៏ដូចជាដើម្បីរក្សាផលប្រយោជន៍ដ៏ ធំធេងសំរាប់តំបន់ទាំងមូល ដែលបានមកពីទំនាក់ទំនង សហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រដ៏ល្អ ប្រសើររវាងASEAN និងចិននោះ កម្ពុជាសូមអំពាវនាវដល់ប្រទេសហ្វីលីពីន និងប្រទេសចិន បន្តដោះស្រាយជំលោះរបស់ខ្លួនដោយសន្តិវិធី។

                                                                           ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៦