សេចក្តីប្រកាសព័ត៌មាន

  • ខែ​កក្កដា 4, 2016

ជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ឯកឧត្តម Naveen Srivastava

នៅរសៀលថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១៦:០០ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតអោយឯកឧត្តម Naveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រពៃណីដ៏យូរលង់ កិច្ចសហ-ប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅ មករវាងប្រទេសទាំងពីរ ពិសេសក្នុងពេលដែលកម្ពុជាកំពុងជួបការលំបាកក្រោយរបបខ្មែរក្រហម នាអំឡុងឆ្នាំ១៩៨០។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាផ្លាស់ប្តូរយោបល់ផ្តោតជាសំខាន់ទៅលើការពង្រឹងនិងពង្រីកកិច្ចសហ ប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចំរុះកម្ពុជា-ឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យា-សាស្ត្រ រវាងប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌា ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខ។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីបំណងរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជុំរុញកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច ការផ្លាស់ ប្តូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សា ពីលទ្ធភាព នៃការបង្កើតឲ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ និងពីការផ្សព្វផ្សាយឲ្យបានទូលាយពីភាពទាក់ទាញរបស់ កម្ពុជា ដែលនឹងបង្កើនចំនួនអ្នកទេសចរណ៍ឥណ្ឌាមកកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើគំរោងសាងសង់អភិវឌ្ឍន៍ធនធាន ទឹកស្ទឹង ស្វាហាប់ ក្នុងខេត្តកំពង់ស្ពឺ និងគំរោងសាងសង់ខ្សែបញ្ជូនអគ្គីសនីពីខេត្តក្រចេះទៅខេត្តស្ទឹងត្រែងជំហានទី២ ក្រោមគំរោងកម្ចីសម្បទានពីឥណ្ឌា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌាចំពោះការផ្តល់ជំនួយកន្លងមក ពិសេសលើផ្នែកធនធានទឹក ការកែ លំអរសាលាមិត្តភាពកម្ពុជា-ឥណ្ឌា ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គំរោងនានាក្នុងក្របខ័ណ្ឌមេគង្គ-គង្គា  ការជួសជុលប្រាសាទតាព្រហ្មដំណាក់កាលទី១កន្លងមក និងគម្រោងជួយជួសជុលបន្តក្នុងដំណាក់ទី២ រហូតដល់ឆ្នាំ២០២៥  ហើយនិងការជួសជួលប្រាសាទព្រះវិហារ ដែលគ្រោងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០១៦នេះ។

ក្នុងជំនួបនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបោសសំអាតមីន ដែលក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការសម្រេចរបស់រដ្ឋាភិបាលឥណ្ឌាផ្តល់សុនខហឹតមីនចំនួន១៥ក្បាល និងជួយបណ្តុះបណ្តាលអ្នកហ្វឹក-ហាត់និងគ្រប់គ្រងសុនខរបស់កម្ពុជាចំនួន១៥ នាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងកំលាំងកម្ពុជានិងឥណ្ឌា ក្នុងក្របខណ្ឌនៃបេសកកម្មរក្សាសន្តិភាពអ.ស.ប ទាំងក្នុងការហ្វឹកហ្វាត់កំលាំងនៅកម្ពុជា ទាំងការជួយគ្នាទៅវិញទៅមកនៅក្នុងប្រទេស នានា ដែលកំលាំងទាំងពីរប្រតិបត្តិការ។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជំរាបជូនពីបំណងរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា ចង់ជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងឱកាសនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិ-ការមេគង្គ-គង្គា នៅប្រទេសឡាវ នាចុងខែកក្កដានេះ ព្រមទាំងពាំនាំ ការអញ្ជើញឯកឧត្តមទេសរដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា តាមពេលវេលាសមស្រប។ ឯកឧត្តមទេសរដ្ឋមន្ត្រី បាន សម្តែងការស្វាគមន៍ និងការរីករាយក្នុងការជួបពិភាក្សាទ្វេភាគីជាមួយភាគីឥណ្ឌា ព្រមទាំងទទួលយកនូវសេចក្តីអញ្ជើញបំពេញទស្សន កិច្ចនោះ។

កិច្ចពិភាក្សា បានបញ្ចប់ជាមួយការអះអាងថានឹងបន្តជុំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

    ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០១៦