សេចក្តីប្រកាសព័ត៌មាន

  • ខែ​កក្កដា 5, 2016

ជំនួប​រវាង​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ​ប្រាក់​ សុ​ខុន​ និង​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​​ ឯក​ឧត្តម​ William​ A​. Heidt

នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១៥:៣០ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតអោយឯកឧត្តម William A. Heidt  ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំព្រះរាជាណាចក្រ កម្ពុជា ចូលជួបពិភាក្សាការងារ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរ និងបានសរសើរចំពោះការរៀបចំទិវាឯករាជ្យជាតិរបស់អាមេរិកបានយ៉ាងអធិក អធម។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណឯកឧត្តមទេសរដ្ឋមន្រ្តីចំពោះការចូលរួមរបស់ឯកឧត្តមជាតំណាង ឲ្យរាជរដ្ឋាភិបាល កម្ពុជានៅក្នុងការប្រារព្ធបុណ្យឯករាជ្យជាតិនេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជំរាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីអំពីព័ត៌មានចំនួនពីរ ដែលឯកឧត្តមឯកអគ្គរដ្ឋទូតចាត់ទុកថាជាព័ត៌មាន ល្អសំរាប់កម្ពុជាៈ ទីមួយគឺការសម្រេចរបស់រដ្ឋាភិបាលអាមេរិកតំឡើងថ្នាក់កម្ពុជាទៅក្នុងប្រភេទទី២ (Tier 2) ក្នុងការប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស ដែលនេះជាការទទួលស្គាល់របស់រដ្ឋាភិបាលអាមេរិក ចំពោះការខិតខំ និងសមទ្ធិផលរបស់កម្ពុជាក្នុងការ ប្រយុទ្ធ ប្រឆាំងនឹងការជួញដូរមនុស្ស។ ទីពីរគឺការសម្រេចរបស់រដ្ឋាភិបាលអាមេរិក ក្នុងការពង្រីកច្រកចូលទៅកាន់ទីផ្សាររបស់អាមេរិកសម្រាប់មុខទំនិញកម្ពុជា ដោយឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ឯកឧត្តមនឹងប្រកាសពីព័ត៌មាននេះក្នុងសន្និសិទកាសែតមួយ នៅក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃបន្ទាប់។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ចំពោះការសម្រេចទាំងពីរខាងលើនេះរបស់រដ្ឋាភិបាលអាមេរិក ហើយបានគូសបញ្ជាក់ថា ការតំឡើងថ្នាក់កម្ពុជាទៅក្នុងប្រភេទទី២ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស មិនត្រឹមតែបង្ហាញឲ្យឃើញពីការទទួលស្គាល់ របស់ អាមេរិកចំពោះការខិតខំរបស់កម្ពុជាប៉ុណ្ណោះទេ តែវាក៏ជាជាលទ្ធផលប្រកបដោយផ្លែផ្កាមួយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិង អាមេរិកក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ឯកឧត្តមនឹងតាមដានដោយយកចិត្តទុក ដាក់ការប្រកាសព័ត៌មានអំពីការពង្រីកច្រកចូលទីផ្សារអាមេរិកសំរាប់ទំនិញកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់និងអន្តរជាតិមួយចំនួន និងអំពី ស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជា ក្នុងបរិយាកាសត្រង់ទៅត្រង់មក និងយោគយល់គ្នា។

            ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ២០១៦