សេចក្តីប្រកាសព័ត៌មាន

  • ខែ​កក្កដា 7, 2016

មាតុ​ភូមិ​និវត្តន៍​របស់​ពល​រដ្ឋ​ខ្មែរ​ ២៩ ​នាក់​ ពី​ប្រទេស​វៀត​ណាម​

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានសហការជាមួយមន្ទីរសង្គមកិច្ចទីក្រុងហូជីមិញ រៀបចំដំណើរមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ចំនួន២៩នាក់ ដែលក្នុងនោះមានមនុស្សចាស់ ចំនួន០៩ នាក់ (បុរស០៣នាក់ និងស្រ្តី ០៦ នាក់) និងកុមារ ចំនួន ២០នាក់ (ប្រុស១០នាក់ និងស្រី១០នាក់)។

ពលរដ្ឋខ្មែរទាំងនោះ ចំនួន១៩នាក់ រស់នៅស្រុកចន្ទ្រា ចំនួន០៩នាក់ រស់នៅស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង និងចំនួន០១នាក់ រស់នៅខេត្តត្បូងឃ្មុំ បានចូលមកសុំទាននិងលក់ ឆ្នោតខុសច្បាប់នៅទីក្រុងហូជីមិញ ហើយត្រូវអាជ្ញាធរវៀតណាម ឃាត់ខ្លួនរក្សាទុកនិងផ្គត់ផ្គង់ អាហារ នៅមជ្ឈមណ្ឌលសង្រ្គោះសង្គមទីក្រុងហូជីមិញ ។

ពលរដ្ឋខ្មែរទាំង២៩នាក់ នឹងបញ្ជូនត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៦ តាមច្រកព្រំដែនអន្តរជាតិ ម៉ុកបាយ-បាវិត ដើម្បីប្រគល់ជូនមន្ទីរសង្គមកិច្ចខេត្ត ស្វាយរៀង។

គិតត្រឹមខែកក្កដា ឆ្នាំ ២០១៦ នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា បានរៀបចំមាតុភូមិ- និវត្តន៍របស់ពលរដ្ឋខ្មែរចូលទៅសុំទាន និងលក់ឆ្នោតខុសច្បាប់ ហើយត្រូវអាជ្ញាធរវៀតណាម ឃាត់ខ្លួន សរុបចំនួន១៣៨ នាក់ (គិតទាំងលើកនេះផង) ដែលភាគច្រើនជាកុមារ ទៅតាមម្ដាយ ឬបង មានទីលំនៅជាប់នឹងព្រំដែនវៀតណាម។

 ថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ ២០១៦