សេចក្តីប្រកាសព័ត៌មាន

  • ខែ​កក្កដា 4, 2016

ជំនួប​រវាង​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ប្រាក់​ សុខុន​ និង​ ក្រុម​ស្ត្រី​ជិះ​ម៉ូតូ​របស់​ឥណ្ឌា​

នៅថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០១៦ វេលាម៉ោង១១:០០ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបជាមួយក្រុមស្រី្តជិះម៉ូតូរបស់ប្រទេសឥណ្ឌាចំនួន០៤នាក់ ដឹកនាំដោយឯកឧត្តម Naveen Srivastava ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌា ប្រចាំនៅកម្ពុជា ហើយនិងលោកស្រីបណ្ឌិត Sarika Mehta ប្រធានក្រុម ស្រ្តីជិះម៉ូតូឥណ្ឌា ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរឆ្លងកាត់ប្រទេស កម្ពុជារបស់ក្រុមស្រ្តីជិះម៉ូតូឥណ្ឌា    និងបានវាយតំលៃខ្ពស់ចំពោះគោលដៅនៃការធ្វើដំណើររបស់ក្រុមនេះ ក្រោមទិសស្លោក «ការជួយសង្គ្រោះកុមារី និងការអប់រំកុមារី» ដោយឯកឧត្តម បានចាត់ទុកថា ការធ្វើដំណើររបស់ក្រុមស្រ្តីជិះម៉ូតូនេះ ជាការរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយសមភាពយ៉េនឌ័រ ។ ឯកឧត្តមទេស-រដ្ឋមន្រ្តី បានកោតសរសើរសេចក្តីក្លាហាន ការពុះពារការលំបាករបស់ក្រុមស្រ្ដីនេះ ដែលបានជិះម៉ូតូធ្វើដំណើរ ជាង ១០.០០០ គ.ម ឆ្លងកាត់ប្រទេសចំនួន១០ ក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលរួមមាន ប្រទេសនេប៉ាល់ ឥណ្ឌា ប៊ូតង់ មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម កម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានវាយតំលៃខ្ពស់ចំពោះសារដែលក្រុមស្រ្តីជិះម៉ូតូឥណ្ឌា ចង់ផ្ញើជូនពិភព- លោកទាំងមូល អំពីសារៈសំខាន់នៃការសង្គ្រោះ និងការអប់រំកុមារី ហើយឯកឧត្តមបានគូសបញ្ជាក់អំពី ការយកចិត្តទុកដាក់របស់ឯកឧត្តមផ្ទាល់ ក៏ដូចជារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារសិទ្ធកុមារ និង សមភាពរវាងស្រ្តី និងបុរសនៅកម្ពុជា។

ឯកឧត្តម Naveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌា បានជំរាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីការយកចិត្តទុកដាក់ និងការគាំទ្រផ្ទាល់របស់ ឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា ចំពោះការធ្វើដំណើររបស់ក្រុមស្រ្តីជិះម៉ូតូឥណ្ឌានេះ ដែលមានគោលដៅលើកស្ទួយ សមភាពរវាងស្រ្តី និងបុរស ហើយនិង ការជួយសង្រ្គោះ និងការអប់រំកុមារី ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ អំពីការតភ្ជាប់រវាងឥណ្ឌា – អាស៊ាន ដែលបានបង្ហាញអោយឃើញ តាមរយៈការធ្វើដំណើរដ៏វែងឆ្ងាយនេះ។

លោកស្រីបណ្ឌិត Sarika Mehta បានសំដែងការរំភើបរីករាយចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ របស់កម្ពុជា ចំពោះក្រុមជិះម៉ូតូរបស់លោកស្រី និងបានជំរាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីគោលបំណង សំខាន់របស់ក្រុមស្រ្តីជិះម៉ូតូនេះ គឺការពាំនាំនូវសារជូនចំពោះពិភពលោកទាំងមូលអោយយកចិត្តទុកដាក់ ខ្លាំងចំពោះកុមារី និងបានបញ្ជាក់ថាការធ្វើដំណើរនេះ មិនត្រឹមតែជាការជំរុញ និងការលើកស្ទួយសិទ្ធិរបស់ កុមារីប៉ុណ្ណោះទេ គឺថែមទាំងជាចំណុចមួយដ៏ល្អ បញ្ជាក់អំពីការផ្សាភ្ជាប់នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកទាំងមូល ។

លោកស្រីបណ្ឌិត Sarika Mehta បានប្រគល់ជូនឯកឧត្តមទេសរដ្ឋមន្រ្តី នូវសារលិខិតរបស់ ឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា ផ្ញើជូនសម្ដេច អគ្គមហាសេនាបតី តេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានបញ្ជាក់អំពីគោលដៅនៃការធ្វើដំណើររបស់ក្រុមស្រ្តីជិះម៉ូតូឥណ្ឌា ហើយនិងការគាំទ្ររបស់នាយករដ្ឋមន្រ្តីឥណ្ឌាផ្ទាល់ចំពោះគោលបំណងនៃការធ្វើដំណើរនេះ ។

          ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

   ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០១៦