សេចក្តីប្រកាសព័ត៌មាន

  • ខែ​កក្កដា 5, 2016

ជំនួប​រវាង​ទេស​រដ្ឋមន្ត្រី​ ឯក​ឧត្តម​ ប្រាក់​ សុខុន​ និង​​លោកជំទាវ​ Sara Valdes Bolano ​ឯក​អគ្គ​រដ្ឋ​ទូត​ម៉ិក​ស៊ិក​

នៅថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ២០១៦ វេលាម៉ោង១០:៣០ នាទីព្រឹក ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោកជំទាវ Sara Valdes Bolano ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ ប្រទេស ម៉ិកស៊ិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែល មាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៍ចំពោះទស្សនកិច្ចមកកាន់កម្ពុជារបស់លោកជំទាវ  Sara  Valdes Bolano ដោយ បានសំដែងនូវក្ដីសង្ឃឹមថា លោកជំទាវនឹងរួមវិភាគទានដ៏សកម្មក្នុងការ ពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីចូលរួម កិច្ចប្រជុំ របស់ ]ក្រុមប្រទេស G20 នៅប្រទេសម៉ិកស៊ិក នៅឆ្នាំ២០១២ និងរបស់ សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានសភាកម្ពុជា ចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេស ម៉ិកស៊ិក ក្នុងឆ្នាំ២០១៤ ដែលទស្សនកិច្ចទាំងនោះ បានរួមចំណែកពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគី។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំដែងការអបអរសាទរចំពោះការតាំងពីព័រណ៍វប្បធម៌របស់ម៉ិកស៊ិក នៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី ០៥ ដល់ ៣១ ខែកក្កដា ឆ្នាំ ២០១៦។

លោកជំទាវ  Sara  Valdes Bolano បានប្រគល់ជូនឯកឧត្តមទេសរដ្ឋមន្រ្តីនូវសារលិខិត របស់លោកជំទាវ Claudia Ruiz Massieu រដ្ឋមន្រ្តីការបរទេសម៉ិកស៊ិក ផ្ញើជូនឯកឧត្តមទេសរដ្ឋមន្រ្តី សំដែងនូវការអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះការតែងតាំង ឯកឧត្តមទេស រដ្ឋមន្រ្តី ជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកជំទាវរដ្ឋមន្រ្តីការបរទេស ក៏បានគូសបញ្ជាក់អំពីបំណងប្រាថ្នា របស់រដ្ឋាភិបាលប្រទេសម៉ិកស៊ិក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា។

ក្នុងគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគី លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងពីបំណងរបស់ រដ្ឋាភិបាលប្រទេសម៉ិកស៊ិក៖ ទី១- បើកស្ថានកុងស៊ុលកិត្តិយសមួយរបស់ប្រទេសម៉ិកស៊ិក នៅទីក្រុងភ្នំពេញ ទី២-ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ស្តីអំពីការលើកលែងទិដ្ឋាការសំរាប់អ្នកកាន់លិខិតឆ្លងដែនការទូតនិងផ្លូវការ ទី៣-ចង់ឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងវិទ្យា ស្ថាននរវិទ្យា និងប្រវត្តិសាស្រ្ត(Institute of Anthropology and History) របស់ម៉ិកស៊ិក ជាមួយនឹងអាជ្ញាធរអប្សរារបស់កម្ពុជា (ភាគីម៉ិកស៊ិក នឹងមកទស្សនកិច្ចកម្ពុជា ក្នុងខែវិច្ឆិកា ខាងមុខ)។

 នៅក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជំរាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីការ ស្វាគមន៍របស់រដ្ឋាភិបាលប្រទេសម៉ិកស៊ិក ចំពោះការឆ្លើយយល់ព្រមរបស់ក្រសួងបរិស្ថានកម្ពុជា ទទួលយក ការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសម៉ិកស៊ិក ចូលរួមកិច្ចប្រជុំ លើកទី ១៣របស់សន្និសីទប្រទេសសមាជិក នៃអនុសញ្ញាស្ដីអំពីជីវៈចំរុះដែលនឹងប្រព្រឹត្តិទៅនៅប្រទេសម៉ិកស៊ិក ក្នុងខែ ធ្នូ ឆ្នាំ ២០១៦ ខាងមុខ នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសារលិខិតអបអរសាទររបស់រដ្ឋមន្រ្តីការបរទេសប្រទេសម៉ិកស៊ិក និងបានជំរាបជូន ថាកម្ពុជានឹងធ្វើការពិនិត្យដោយយកចិត្តទុកដាក់ចំពោះសំណើរបស់រដ្ឋា-ភិបាលប្រទេសម៉ិកស៊ិកចង់បើកនូវស្ថានកុងស៊ុលកិត្តិយសនៅទីក្រុងភ្នំពេញ និងសំណើឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសំរាប់អ្នកកាន់លិខិតការទូតនិងផ្លូវការ រវាងប្រទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីការជំរុញឱ្យមានការចុះហត្ថ-លេខាឱ្យបានឆាប់នូវកិច្ចព្រមព្រៀង ស្ដីពីសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ។

          ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

          ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ២០១៦