សេចក្តីប្រកាសព័ត៌មាន

  • កក្កដា ២១, ២០១៦

ជំនួប​រវាង​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ប្រាក់​ សុខុន​​ និង​ឯក​ឧត្តម​ Myint Soe ឯក​អគ្គ​រដ្ឋ​ទូត​មីយ៉ាន់ម៉ា​

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១០:០០ព្រឹក នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម Myint Soe ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពរបស់សហភាព មីយ៉ាន់ម៉ាប្រចាំនៅកម្ពុជា ចូលជួប សំដែងការគួរសមនិងពិភាក្សាការងារ នៅក្នុងឱកាសដែលឯកឧត្តមចូលកាន់ការងារនៅព្រះរាជាណាចក្រ កម្ពុជា ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរ និងការស្វាគមន៍ចំពោះការតែងតាំងឯកឧត្តម Myint Soe ជាឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ា ប្រចាំនៅកម្ពុជា ដោយបានគូសបញ្ជាក់ថា ក្រសួងការបរទេស នឹងផ្តល់ការគាំទ្រដើម្បីឯកឧត្តមបំពេញនូវភារកិច្ចការទូត ប្រកបដោយជោគជ័យនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីទំនាក់ទំនងជាមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ ដែលមានភាពស្រដៀងគ្នា ទាំង ផ្នែកសាសនា វប្បធម៌  ប្រពៃណី ប្រវត្តិសាស្រ្ត និងប្រជាជន។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជំរាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីបំណងប្រាថ្នារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា បច្ចុប្បន្នក្នុងការបន្តពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជានិងការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា មីយ៉ាន់ម៉ាចាត់ទុកកម្ពុជាជាមិត្តជិតស្និទ្ធ និងជឿទុកចិត្ត ហើយឯកឧត្តម នឹងបន្ត ខិតខំការលើកស្ទួយទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ក្នុងរយៈកាលកន្លងមក ជាពិសេស គឺការផ្លាស់ប្ដូរទស្សនកិច្ច របស់ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ ដូចជាទស្សនកិច្ចចំនួន៣លើក របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ ២០១៤ និង ២០១៥ ទស្សនកិច្ចរបស់អតីតអនុប្រធានាធិបតីរបស់មីយ៉ាន់ម៉ា ឯកឧត្តម ញ៉ាន ធុន នៅកម្ពុជាក្នុងឆ្នាំ២០១៥។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានវាយតំលៃខ្ពស់ចំពោះដំណើរការប្រជាធិបតេយ្យ និងការកែទម្រង់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកំណើន សេដ្ឋកិច្ចនៅមីយ៉ាន់ម៉ា  ដែលសម្រេចបាន៨.៥% ក្នុងឆ្នាំ២០១៥ កន្លងមកនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជំរាបជូនឯកឧត្តម ឯកអគ្គរដ្ឋទូត អំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច របស់ប្រទេសកម្ពុជាផងដែរ ហើយបានគូសបញ្ជាក់ថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរគឺជាកាលានុវត្តភាព សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ទ្វេភាគីក្នុងពេលអនាគត។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌ តំបន់និងអន្តរជាតិ និងបានស្របមតិគ្នាថាប្រទេសទាំងពីរគួរតែខិតខំរក្សានូវទំនាក់ទំនងដ៏ល្អនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជំរាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត ពីបំណងរបស់ឯកឧត្តមក្នុងការអញ្ជើញទៅបំពេញទស្សនកិច្ចនៅ ប្រទេស មីយ៉ាន់ម៉ា ក្នុងពេលវេលាសមស្របនាពេលអនាគតខាងមុខ ។

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

 ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០១៦