សេចក្តីប្រកាសព័ត៌មាន

  • កក្កដា ២៩, ២០១៦

ជំនួប​រវាង​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ប្រាក់​ សុខុន​​ និង​ឯក​ឧត្តម​ SIMON RODED ឯក​អគ្គ​រដ្ឋ​ទូត​អ៊ី​ស្រា​អែល​

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១០:៣០ព្រឹក ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម  SIMON RODED  ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់អ៊ីស្រាអែល ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

នៅក្នុងជំនួប ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការតែងតាំងឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសអ៊ីស្រាអែល  ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ(Cairo) ប្រទេសអេហ្ស៊ីប នឹងជួយបង្ករលក្ខណៈងាយស្រួលដល់ការលើកស្ទួយទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើអោយជុំរុញការអនុវត្តន៍ កិច្ចព្រមព្រៀងផ្នែកបច្ចេកទេស ដែលបានចុះហត្ថលេខារវាងកម្ពុជានិងអ៊ីស្រាអែល ក្នុងឆ្នាំ១៩៩៤ ហើយនិងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការរវាង រាជធានីភ្នំពេញ និងទីក្រុងបាតចាំ(Bat Yam) ប្រទេសអ៊ីស្រា-អែលដែលបានព្រមព្រៀងគ្នា នៅឆ្នាំ ២០០៥ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការចាប់អារម្មណ៍របស់កម្ពុជាចំពោះបទពិសោធន៍របស់អ៊ីស្រាអែលក្នុងវិស័យកសិកម្ម ក៏ដូចជាការគ្រប់គ្រងធនធានទឹក និងពីបំណងរបស់កម្ពុជាចង់អោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីបំណងរបស់កម្ពុជាចង់ឲ្យមានកិច្ចសហប្រតិបត្តិលើផ្នែកបោសសំអាតមីន ដោយបានគូសបញ្ជាក់ថា ការបោសសំអាតមីននៅតែជាបញ្ហាសំខាន់សំរាប់ការអភិវឌ្ឍកម្ពុជា។

 ឯកឧត្តមឯកអគ្គរដ្ឋទូត បានជំរាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីបំណងរបស់រដ្ឋាភិបាលអ៊ីស្រាអែល ដែលចង់ពង្រីកនូវកិច្ចសហប្រតិបត្តិការលើផ្នែកកសិកម្មជាមួយនិងកម្ពុជា ដោយឯកឧត្តមបានគូសបញ្ជាក់ ថា អ៊ីស្រាអែលចង់អោយមានការចូលរួមរបស់តំណាងក្រសួងកសិកម្មកម្ពុជា នៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតកម្ពុជាដែលត្រូវបញ្ចប់ការសិក្សាលើផ្នែកកសិកម្មក្នុងឆ្នាំនេះ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសំដែងការចាប់អារម្មណ៍ចំពោះការរីកចំរើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ហើយបានលើកឡើងពីបំណងរបស់រដ្ឋាភិបាលអ៊ីស្រាអែល ចង់អោយមានការបង្កើតឡើងនូវទំនាក់ទំនងផ្នែកធុរៈកិច្ច និងចង់អោយមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងការពារវិនិយោគទុនរវាងអ៊ីស្រាអែលនិងកម្ពុជា ។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា អ៊ីស្រាអែលមានការចាប់អារម្មណ៍ និងវាយតំលៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការបោសសំអាតមីន នៅក្នុងតំបន់ក៏ដូចជានៅលើឆាកអន្តរជាតិ។

 ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៦