សេចក្តីប្រកាសព័ត៌មាន

  • ខែ​កក្កដា 20, 2016

ជំនួប​រវាង​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ប្រាក់​ សុខុន​​ និង​ឯក​ឧត្តម​ Joachim Baron Von Marschall ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺ​ម៉ង់​

នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០១៦ វេលាម៉ោង១៦:០០ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម  Joachim Baron Von Marschall  ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពរបស់សាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ចូលជួបជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្ម ការទូតនៅព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតំលៃខ្ពស់ចំពោះប្រទេសអាល្លឺម៉ង់ ដែលស្ថិត ជាដៃគូដ៏ល្អ ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះអាល្លឺម៉ង់ដែល បានផ្ដល់ជំនួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ពិសេសគឺជំនួយនៅក្នុងផ្នែកការកែទំរង់រដ្ឋបាលសាធារណៈ អភិបាលកិច្ចល្អ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល សន្តិសុខស្បៀង។ល។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានវាយតំលៃខ្ពស់ចំពោះការខិតខំរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៅក្នុង អាណ្ណត្តិរបស់ឯកឧត្តមនៅកម្ពុជា ដោយបានរួមចំណែកក្នុងការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អ ការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទេសចរណ៍ រវាងប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជំរាបជូន ឯកឧត្តមទេសរដ្ឋមន្រ្តី  អំពីការពេញចិត្តរបស់ឯកឧត្តមផ្ទាល់ ដែលបានបំពេញការងារជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ហើយនិងអនុស្សាវរីយ៍ល្អៗជាច្រើន និងបទពិសោធន៍ ដែលឯកឧត្តមទទួលបានក្នុងពេលបំពេញបេសកកម្មនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសំដែងនូវក្ដីសង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់ នឹងទទួលបាននូវការជួយសំរួលពីក្រសួងការបរទេស ពិសេសពី ឯកឧត្តមទេសរដ្ឋមន្រ្តីផ្ទាល់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួននៅកម្ពុជា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផ្លាស់ប្ដូរ ទស្សនៈគ្នាផងដែរអំពីការពង្រីកទំនាក់ទំនងទ្វេភាគី ការវិវត្តន៍នៃសភាពការណ៍មួយចំនួននៅក្នុងតំបន់ ក៏ដូចជានៅអន្តរជាតិ ដែលភាគីទាំងពីរមានការចាប់អារម្មណ៍។

          ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

 ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៦