សេចក្តីប្រកាសព័ត៌មាន

  • ខែ​កក្កដា 20, 2016

ជំនួបរវាងឯកឧត្តមរដ្ឋលេខាធិការ អ៊ុច បូររិទ្ធ និង ឯកឧត្តម Johannes Matyassy ឧបការី នៃក្រសួងការបរទេសសហព័ន្ធស៊្វីស

នៅព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបប្រជុំកិច្ចពិគ្រោះយោបល់ទ្វេភាគីជាលើកទី២ ជាមួយគណៈប្រតិភូស៊្វីសដែលដឹកនាំដោយឯកឧត្តម Johannes  Matyassy ឧបការី នៃក្រសួងការបរទេសសហព័ន្ធស៊្វីសនៅទីស្តីការក្រសួង ។

ឯកឧត្តម អ៊ុច បូររិទ្ធ មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានក្រោយជំនួបថា ការពិភាក្សាគា្នបាន ប្រព្រឹត្តទៅក្នុងបរិយាកាសស្មោះត្រង់និង សិ្នទ្ធស្នាលមិត្តភាព ដោយផ្តោតលើបញ្ហាទ្វេភាគី បញ្ហាតំបន់និងបញ្ហាសកលសំខាន់ៗ ។ ឯកឧត្តម ក៏បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពនៃការវិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ចក្នុងរយៈកាលចុងក្រោយនេះ និងសភាពការណ៍នយោបាយ ដោយ គូសបញ្ជាក់ពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាព ស្ថេរភាព ដែលជាលក្ខណៈចាំបាច់ក្នុងការអភិវឌ្ឍប្រទេសជាតិ និង លើកស្ទួយជីវភាពប្រជាជន ។ ទាក់ទងទៅនឹងសភាពការណ៍សិទ្ធិមនុស្សកន្លងមក ឯកឧត្តមបានមានប្រសាសន៍ថា ឯកសារដែលអនុម័តដោយសភាអ៊ឺរ៉ុប និងសភាអាមេរិក បានបង្ហាញឲ្យឃើញពីជំហរលំអៀងមិនសមស្រប ដោយផ្អែកតែទៅលើព័ត៌មានតែម្ខាង ជាពិសេសពីគណ-បក្សប្រឆាំង ដោយពុំបានឆ្លុះបញ្ចាំងឲ្យឃើញនូវសភាពការណ៍ពិតអំពីអ្វីដែលកើតឡើងនៅកម្ពុជានោះទេ ។ រាជរដ្ឋា ភិបាលកម្ពុជាមានការបេ្តជ្ញាចិត្តខ្ពស់ នៅក្នុងការអភិវឌ្ឍប្រទេសជាតិទៅតាមរបបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុង ក្របខ័ណ្ឌច្បាប់ និងការពង្រឹងនីតិរដ្ឋនិងការអនុវត្តច្បាប់នៅកម្ពុជា។

 ពាក់ព័ន្ធនិងបញ្ហាខាងលើនេះឯកឧត្តម Johannes  Matyassy បានបញ្ជាក់តបវិញយ៉ាងច្បាស់ ថា នេះគឺជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ប្រជាជននិងរដ្ឋាភិបាលស្វីស មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ ហើយសូមស្វាគមន៍ចំពោះការខិតខំប្រឹងប្រែង និងការ ប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរឡើងនូវសភាពការណ៍នយោបាយ និងលិទ្ធិប្រជាធិបតេយ្យ។

ឯកឧត្តម Johannes  Matyassy បានបញ្ជាក់ថា សូមឲ្យកម្ពុជាមានទំនុកទុកចិត្តចំពោះរដ្ឋាភិ-បាលស្វីស ក្នុងការបន្តការគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យឆ្លងទៅដល់ប្រទេសដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០។

 ក្នុងឱកាសនោះដែរឯកឧត្តម អ៊ុច បូររិទ្ធ ក៏បានលើកសំណើ សុំឲ្យរដ្ឋាភិបាលស៊្វីសបង្កើនការឧបត្តម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយ ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។

ឯកឧត្តម Johannes  Matyassy បានបញ្ជាក់ថា រដ្ឋាភិបាលស៊្វីសនៅតែបន្តជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ប៉ុន្តែពុំអាចបង្កើនជំនួយ លើសពីនេះថែមទៀតបានទេ ដោយសាររដ្ឋាភិបាលស្វីសក៏មានបញ្ហាហិរញ្ញវត្ថុដែរ។ ឯកឧត្តមក៏បានលើកសំណូមពរដែរថា រដ្ឋាភិបាល ស្វីស លោកវេជ្ជបណ្ឌិត Beat Richner និងរាជរដ្ឋាភិបាលកម្ពុជាគួរតែបង្កើតឲ្យមានក្រុមការងារ ដើម្បីពិភាក្សាគ្នារក មធ្យោបាយ ដើម្បីធានានិរន្តរ៍ភាពនៃដំណើការមន្ទីរពេទ្យគន្ធបុប្ផានេះ។  ឯកឧត្តម Johannes  Matyassy  ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវិធានការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ប្រាក់២ដុល្លា ពីការលក់សំបុត្រឲ្យភ្ញៀវទេសចរដែលចូលមកទស្សនាអង្គរវត្ត ផ្តល់ មកមូលនិធិសម្រាប់ជួយដល់មន្ទីពេទ្យគន្ធបុប្ផា។ ឯកឧត្តមបានចាត់ទុកថា នេះជាកាយវិការមួយដ៏ល្អប្រសើរ ដែលគណៈប្រតិភូ របស់ លោកសូមកោតសរសើរ ចំពោះវិធានការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភដល់កិច្ចដំណើរការដល់មន្ទីរពេទ្យគន្ធបុប្ផានេះ។ ពាក់ព័ន្ធនឹងបញ្ហាអាហាររូបករណ៍ ឯកឧត្តមបានបញ្ជាក់ថាក្នុងរយៈកាលកន្លងមកនេះ រដ្ឋាភិបាលស្វីសបានជួយផ្តល់អាហារូបករណ៍ដល់បណ្តាប្រទេស ក្នុងក្របខ័ណ្ឌប្រទេសអាស៊ាន  ដោយឯកឧត្តមសូមអំពាវនាវដល់បងប្អូននិស្សិតយើងទៅដាក់ពាក្យស្នើសុំ តាមOnline ហើយឯកឧត្តមនឹងយកសំណូមពរទៅពិចារណា ថាអាចបង្កើនអាហារូបករណ៍ ដល់និស្សិតកម្ពុជាតាមរបៀបយ៉ាងណា ហើយក៏បានពិចារណាផងដែរនូវការធ្វើឲ្យមានការផ្លាស់ប្តូររវាងអ្នកការទូតទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍នៅក្នុងការបណ្តុះបណ្តាលជារយៈពេលខ្លី នេះជាចំណុចមួយសំខាន់ចំពោះការកសាងធនធានមនុស្សនៅកម្ពុជា។ នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមក៏បានផ្តោតយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ ដោយឯកឧត្តមបានបញ្ជាក់ថា នឹងខិតខំធ្វើយ៉ាងណាដើម្បីបង្កើនកិច្ច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ដោយតាមសំណូមរបស់ឯកឧត្តម អ៊ុច បូររិទ្ធ ស្នើសុំឲ្យមានការចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរឯកឧត្តម Johannes  Matyassy  ក៏បានថ្លែងអំណរគុណដល់កម្ពុជាក្នុងការ គាំទ្រដល់រដ្ឋាភិបាលស៊្វីស     ដែលបានឈរឈ្មោះជាបេក្ខភាពជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន  ។ហើយឯកឧត្តមក៏បានបញ្ជាក់ថា រដ្ឋាភិបាលស៊្វីសក៏បានគាំទ្របេក្ខភាពកម្ពុជាក្នុងក្រុមប្រឹក្សាសង្គមសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០១៧-២០១៩ និងបានកោតសរសើរនូវការឯកភាពគ្នា រវាងប្រទេសតាហ្សីគីស្ថាន(Tadjikistan) និងកម្ពុជា  ដែលបានបានចែករំលែកគ្នាគឺ Tadjikistan ២ឆ្នាំ កម្ពុជា ១ឆ្នាំ។

 ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៦