សេចក្តីប្រកាសព័ត៌មាន

  • កក្កដា ២១, ២០១៦

ជំនួប​រវាង​ឯក​ឧត្តម​រដ្ឋ​លេខា​ធិការ​ អ៊ុច​ បូររិទ្ធ​ និង​ឯក​ឧត្តម​ Tom​ Malinowski ​ឧប​ការី​រដ្ឋ​មន្រ្តី​ ការបរទេសអាមេរិក​

នៅល្ងាចថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Tom Malinowski ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នៅទីស្តីការក្រសួង ។

ឯកឧត្តម អ៊ុច បូររិទ្ធ មានប្រសាសន៍ជម្រាបអ្នកយកព័ត៌មានក្រោយជំនួបថា ការពិភាក្សាគា្នបាន ប្រព្រឹត្តទៅក្នុងបរិយាកាសសិទ្ធស្នាល ត្រង់ទៅត្រង់មកជាលក្ខណៈមិត្តភាព ដោយឯកឧត្តមក៏បានសម្តែងនូវការចូលរួមមរណៈទុក្ខចំពោះនគរបាលប៉ូលីសអាមេរិកចំនួនបីនាក់ ដែលបានស្លាប់កាលពីថ្ងៃ១៨ ខែកក្កដាឆ្នាំ២០១៦ នៅបាតុនរូ (Baton Rouge)នៃទីក្រុងកាលីហ្វញ៉ា និងចំពោះអ្នកទទួលរងគ្រោះផ្សេងៗទៀតនៅក្នុងឧប្បត្តិហេតុនៃការធ្វើបាតុកម្ម និងការសម្លាប់ប៉ូលីសក្នុងរយៈកាលកន្លងមកនៅទីក្រុងផ្សេងៗទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ  ក៏បានជម្រាបជូនឯកឧត្តម Tom Malinowski  អំពីសភាពការណ៍សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសគឺសភាពការណ៍នយោបាយក្នុងរយៈកាលកន្លងមក ហើយឯកឧត្តម ក៏បានគូសបញ្ជាក់ពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ គឺជានិច្ចជាកាល រាជរដ្ឋាភិបាលតែងមានបំណងប្រាថ្នានៅក្នុងការអភិវឌ្ឍប្រទេសជាតិ ថែរក្សាសន្តិភាព ស្ថេរភាព និងបូរណភាពជូនប្រជាជន  ដោយនៅក្នុងតំណាក់កាលនៃការខិតខំប្រឹងប្រែងនេះ រដ្ឋាភិបាល ក៏បានធ្វើការកែទម្រង់គ្រប់ផ្នែកទាំងអស់ រួមទាំងផ្នែករដ្ឋបាល និងការគោរពសិទ្ធិមនុស្សផងដែរ។

 ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុច បូររិទ្ធ  បានលើកឡើងអំពីសភាពការណ៍សំខាន់ៗឆ្លើយតប ទៅនឹងការព្រួយបារម្ភរបស់ឯកឧត្តម Tom Malinowski  ពាក់ពន្ធ័នឹងការចាប់ឃុំឃាំងសកម្មជន សិទ្ធិមនុស្ស ហើយនិងសមាជិកសភារបស់គណបក្សសង្រ្គោះជាតិ ។ ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់ថា ជាបញ្ហារបស់បុគ្គលដែលប្រព្រឹត្តខុសឆ្គងបំពានច្បាប់ ពុំមែនជាការប្រព្រឹត្តរបស់គណបក្ស ឬក៏របស់អង្គការ ក្រៅរដ្ឋាភិបាលទេ។ វិធានការ ដែលរដ្ឋាភិបាលបានអនុវត្តន៍គឺអនុលោមទៅតាមច្បាប់ជាធរមាន ដែលមាន នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ក៏បានបន្ថែមទៀតថា ជាការពិតរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តអនុវត្តន៍ គោលនយោបាយតាមប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នៅក្នុងក្របខ័ណ្ឌច្បាប់។

ឯកឧត្តម Tom Malinowski បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកមិនគាំទ្រគណបក្ស ប្រឆាំងទេ ហើយក៏មិនប្រឆាំងជាមួយរដ្ឋាភិបាលដែរ។ កង្វល់របស់សហរដ្ឋអាមេរិកគឺ ចង់ឲ្យកម្ពុជាមាន បរិយាកាសនយោបាយមួយល្អប្រសើរ មុននិងរហូតដល់ពេលនៃការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ និង ការបោះឆ្នោតជាសកលឆ្នាំ២០១៨។ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណបក្សប្រជាជន និងគណបក្ស សង្គ្រោះជាតិ គួរតែចាប់ផ្ដើមឡើងវិញនូវវប្បធម៌សន្ទនា ដើម្បីរិះរកដំណោះស្រាយធ្វើយ៉ាងណាឲ្យសភាព-ការណ៍កាន់តែល្អប្រសើរ ដើម្បីឲ្យការបោះឆ្នោតប្រព្រិត្តទៅដោយសេរី និងយុត្តិធម៌។

ឯកឧត្តម អ៊ុច បូររិទ្ធ ក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាលមានសុឆន្ទៈជានិច្ចក្នុងការលើកកំពស់ “វប្បធម៌សន្ទនា” ដើម្បីការឯកភាព និងសាមគ្គីជាតិ ដែលជាលក្ខខ័ណ្ឌមិនអាចខ្វះបានក្នុងការថែរក្សាសន្តិភាព ការពារបូរណភាពជាតិ និងការអភិវឌ្ឍរីកចំរើន។ បញ្ហាកន្លងមក គឺថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិបង្ក បញ្ហាដោយខ្លួនឯង ដោយរំលោភច្បាប់ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយគណបក្សប្រជាជន កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ និងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ ដែលបានឯកភាពគ្នា ជៀសវាងការប្រើប្រាស់ពាក្យអុជអាលឲ្យមានការស្អប់ខ្ពើមរវាងគ្នានិងគ្នា ការប្រកាន់ពូជសាសន៍ដើម្បីផល ប្រយោជន៍នយោបាយផ្ទាល់ខ្លួន។

ឯកឧត្តម Tom Malinowski បានសម្តែងនូវសុទិដ្ឋិនិយម និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា-អាមេរិក ជាពិសេសក្នុងការសហការប្រឆាំងភេរវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការ ផ្នែកបរិស្ថាន និងសេដ្ឋកិច្ច។ អាមេរិក គាំទ្រកម្ពុជាក្នុងភាពជាដៃគូក្នុងការជំរុញកម្ពុជាឲ្យដើរទៅមុខទៅ តាមលទ្ធិប្រជាធិបតេយ្យគោរពសិទ្ធិមនុស្ស និងបរិយាកាសកាន់តែប្រសើរ ក្នុងពេលមុនបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨។

          ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

  ថ្ងៃទី២១   ខែកក្កដា ឆ្នាំ២០១៦