សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 21, 2016

លទ្ធផល នៃទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមខួបលើកទី៤១ នៃការបង្កើតកងកម្លាំងរំដោះជាតិទីម័រឡេស្តេ នៅសាធារណរដ្ឋប្រជា ធិបតេយ្យ ទីម័រឡេស្តេ ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៦ តាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត រ៉ុយ ម៉ារៀ ដេ អារ៉ុយចូ (Rui Maria dé Araújo) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ។

ក្នុងអំឡុងទស្សនកិច្ចផ្លូវការនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជួបចរចាទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត រ៉ុយ ម៉ារៀ ដេ អារ៉ុយចូ នៅថ្ងៃទី ១៩ ខែសីហា ដោយផ្តោតសំខាន់លើការបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង ប្រទេសទាំងពីរ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងកង្វល់រួម។

នាយករដ្ឋមន្ត្រីទាំងពីរ បានសម្តែងការពេញចិត្តជាមួយនឹងការរីកចំរើននៃទំនាក់ទំនងមិត្តភាពនិង កិច្ចសហប្រតិបត្តិការ រវាងប្រទេស ទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០០២ ពិសេសគឺទស្សនកិច្ចផ្លូវរដ្ឋក្នុងឆ្នាំ២០១១ របស់ ឯកឧត្តមបណ្ឌិត ហូស្សេ រ៉ាម៉ូស អតា ប្រធានាធិបតីនាពេលនោះ និងទស្សនកិច្ចផ្លូវការក្នុងឆ្នាំ២០១៣ របស់ឯកឧត្តម ខេ រ៉ាឡា ហ្សាណាណា ហ្គូស្មាវ នាយករដ្ឋមន្ត្រីទីម័រឡេស្តេនាពេលនោះ ក៏ដូចជាការចុះហត្ថលេខាក្នុងអំឡុងពេលនៃទស្សនកិច្ច លើ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស។

សម្តេចតេជោ ហ៊ុន សែន បានជំរាបឯកឧត្តម រ៉ុយ ម៉ារៀ ដេ អារ៉ុយចូ ពីការតែងតាំង ឯកអគ្គរាជទូតអនិវេសនដ្ឋានកម្ពុជា (non-resident Ambassador) ប្រចាំប្រទេសទីម័រឡេស្តេ។

ភាគីទាំងពីរ បានយល់ស្របគ្នាក្នុងការជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣ និង ជំនួបរវាងសភាពាណិជ្ជកម្មប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការផ្លាស់ ប្តូរពាណិជ្ជកម្មទ្វេភាគី។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់អាហាររូបករណ៍ចំនួន១០កន្លែង ក្នុងមួយឆ្នាំ សម្រាប់និសិត្សរបស់ទីម័រឡេស្តេ មកសិក្សានៅ សាកលវិទ្យាល័យកម្ពុជា ហើយបានណែនាំអោយក្រសួងអប់រំរបស់ ប្រទេសទាំងពីរពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ពិចារណានាំចូលអង្ករកម្ពុជា ដែលបានជាប់ចំណាត់ថ្នាក់ ជាអង្ករល្អ បំផុតលើពិភពលោក ៣ឆ្នាំជាប់ៗគ្នា ក្នុងឆ្នាំ២០១២ ឆ្នាំ២០១៣ និងឆ្នាំ២០១៤។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីអំពីការគាំទ្រដ៏សកម្មរបស់កម្ពុជា ចំពោះទីម័រឡេស្តេ ក្នុងការចូលជាសមាជិកអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរាបនាយករដ្ឋមន្ត្រី ទីម័រឡេស្តេ ពីការត្រៀមខ្លួនរបស់កម្ពុជាផ្តល់ជូនទីម័រឡេស្តេ នូវជំនួយ ផ្នែកបច្ចេកទេស និងបទពិសោធន៍ សំរាប់ ការត្រៀមរៀបចំរបស់ទីម័រឡេស្តេ ដើម្បីចូលជាសមាជិករបស់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងសន្និសិទ្ធរបស់អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) តាមការស្នើសុំ របស់អង្គការទាំងពីរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងជាថ្មីម្តងទៀតនូវការអញ្ជើញរបស់សម្តេច ចំពោះនាយក រដ្ឋមន្ត្រីទីម័រឡេស្តេ មកបំពេញ ទស្សនកិច្ចនៅកម្ពុជា និងចូលរួមវេទិកាសេដ្ឋកិច្ចអាស៊ានលើកទី២៦ ដែល នឹងប្រារព្ធធ្វើនៅកម្ពុជាក្នុងឆ្នាំ២០១៧។

បន្ទាប់ពីការចរចាទ្វេភាគី នាយករដ្ឋមន្រ្តីទាំងពីរ បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនបី រវាងប្រទេសទាំងពីរ ដូចខាងក្រោម៖

១- កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី  កិច្ចសហប្រតិបត្តិការបច្ចេកទេស   និងសេដ្ឋកិច្ច  ដែលគ្របដណ្តប់លើវិស័យជាច្រើន ដូចជា ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម ប្រេងនិងឧស្ម័ន ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអប់រំ។

២- កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសំរាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិត ឆ្លងដែនផ្លូវការ។

៣- អនុស្សារណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ។

នៅថ្ងៃទី២០ ខែសីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលរួមនៅក្នុងការប្រារព្ធខួបលើកទី៤១ នៃការបង្កើតកង កម្លាំងរំដោះជាតិទីម័រឡេស្តេ

ក្នុងអំឡុងពេលស្នាក់នៅប្រទេសទីម័រឡេស្តេ   សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសហគមន៍កម្ពុជានៅទីម័រឡេស្តេ នៅក្នុងជំនួបសំណេះសំណាលមួយ នៅថ្ងៃទី២០ ខែសីហា។

ក្នុងឱកាសទស្សនកិច្ចនេះដែរ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ បាន ឯកភាពគ្នាជំរុញអោយមានការចុះ ហត្ថលេខានាពេលអនាគតដ៏ឆាប់ខាងមុខនេះ នូវអនុស្សារណៈស្តីពីកិច្ច សហប្រតិបត្តិការរវាងមន្ទីរពាណិជ្ជកម្មទាំងពីរ។

                                                                          ថ្ងៃទី ២១  ខែ សីហា ឆ្នាំ ២០១៦