សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 8, 2016

ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ប្រាក់​ សុខុន​ ណែនាំ​ចាត់់​វិធាន​ការ​ ចំពោះ​អ្នក​ទារ​ប្រាក់​ពី​ពល​ការិនី​នៅ​ម៉ាឡេស៊ី​

នៅល្ងាចថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៥ ក្រោយពេលទទួលបានព័ត៌មានអំពីការលើកឡើងរបស់ពលការិនី ខ្លុយ មុនី ថាមានបុគ្គលិក របស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានទារប្រាក់ពីនាង ជាថ្នូសំរាប់ជួយឲ្យនាងបានវិលត្រឡប់មកកម្ពុជាវិញ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការណែនាំដោយផ្ទាល់ដល់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ីថា៖

  • ការលើកឡើងខាងលើនេះ របស់ពលការិនី ខ្លុយ មុនី មានការប៉ះពាល់ដល់កិត្តិយសរបស់ស្ថានទូត និងរបស់ក្រសួង ដូចនេះ ចាំបាច់ត្រូវរកឲ្យឃើញអ្នកដែលបានប្រព្រឹត្តខុសឆ្គងនេះ ប្រសិនបើមាន។
  • ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ឯកឧត្តមមិនអាចអត់ឱនចំពោះករណីខុសឆ្គងបែបនេះឡើយ ព្រោះការជួយដល់ ពលរដ្ឋ ខ្មែរ ពិសេសពលករ/ពលការិនីនៅក្រៅប្រទេស គឺជាកាតព្វកិច្ចរបស់ស្ថានទូត/ស្ថានអគ្គកុងស៊ុល ទាំងអស់ ដូចដែលក្រសួងបាន ណែនាំជាប់ជាប្រចាំ។
  • ប៉ុន្តែយើងត្រូវផ្តល់ឱកាសឲ្យជនត្រូវចោទប្រកាន់ធ្វើការការពារខ្លួន។ វិធីងាយបំផុត ត្រូវរៀបចំឲ្យមានជំនួបទល់មុខគ្នារវាង ពលការិនី ខ្លុយ មុនី ជាមួយជនត្រូវចោទប្រកាន់។

នៅយប់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តមទេសរដ្ឋមន្ត្រី ទទួលបានរបាយការណ៍របស់ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ីថា៖

១. ពលការិនី ខ្លុយ មុនី បានមកស្ថានទូតនៅថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០១៦នេះ។ នាងបានជម្រាបស្ថានទូតដូចតទៅ៖

  • នាងមកពីភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល បានចាញ់បោកមេខ្យល់ជិះឡានមកធ្វើការតាមផ្ទះនៅម៉ាឡេស៊ី ដោយឆ្លង កាត់ប្រទេសថៃ កាលពីឆ្នាំ២០១៥ ។ ប៉ុន្តែដោយធ្វើការលំបាកពេក នាងក៏រត់ចេញពីផ្ទះថៅកែ ហើយត្រូវបានពីរនាក់ប្តីប្រពន្ធ ជនជាតិបង់ក្លាដេស (លេខទូរស័ព្ទ +60164272867) ឲ្យរស់នៅផ្ទះជាមួយនៅរដ្ឋ Penang។
  • ដោយចង់ត្រឡប់ទៅកម្ពុជាវិញ នាងបានមកស្ថានទូតវេលាម៉ោងប្រមាណ០៦ព្រឹក ចំនួន០២លើក (ពុំចាំថ្ងៃ) ហើយបានជួបមនុស្ស ប្រុសម្នាក់ទារលុយចំនួន ១៥០០ រីងហ្គីត(លើកទី១) និង ៤០០០ រីងហ្គីត (លើកទី២) ដើម្បីជួយឲ្យបានទៅផ្ទះ។
  • ពលការិនី ខ្លុយ មុនី បានរៀបរាប់អំពីភិនភាគ ព្រមទាំងចង្អុលចំអ្នកយាមស្ថានទូត ដែលជាអ្នកទារលុយនាង។

២. អ្នកយាមស្ថានទូតនេះឈ្មោះ អាតាំ រោសាតតេ ភេទប្រុស កើតថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ១៩៤៦ ជាខ្មែរ-ឥស្លាមនៅម៉ាឡេស៊ី ហើយបានធ្វើការនៅស្ថានទូតរយៈពេល២ឆ្នាំជាង។

. លោកជំទាវឯកអគ្គរាជទូត បានប្រជុំមន្ត្រី  និងបុគ្គលិកស្ថានទូតទាំងអស់ជាបន្ទាន់នៅព្រឹកថ្ងៃអាទិត្យនេះ។ ដោយឈ្មោះ អាតាំ រោសាតតេ  ធ្លាប់ត្រូវបានស្ថានទូតព្រមានម្តងរួចហើយកាលពីឆ្នាំ២០១៥ ពាក់ព័ន្ធនឹងរឿងទារប្រាក់ពលករខ្មែរនេះដែរ អង្គប្រជុំបាន សម្រេចថា បញ្ឈប់ការងារ អ្នកយាមឈ្មោះ អាតាំ រោសាតតេ ចាប់ពីថ្ងៃនេះតទៅ។ ស្ថានទូតនឹងធ្វើការជ្រើសរើសអ្នកយាមថ្មី ដោយការប្រយ័ត្នប្រយែងជាទីបំផុត ដើម្បីជៀសវាងរឿងនេះកើតឡើងម្តងទៀត។

ពលការិនី ខ្លុយ មុនី បច្ចុប្បន្នកំពុងស្នាក់នៅស្ថានទូតដោយសុវត្ថិភាព។ ស្ថានទូតនឹងរៀបចំ បែបបទ (លិខិតបើកផ្លូវ បង់ផាកពិន័យ និងទិញសំបុត្រយន្តហោះ) ជូននាងត្រឡប់ទៅកម្ពុជាវិញ នៅក្នុងសប្តាហ៍ក្រោយ ។ កាលបរិច្ឆេទជាក់ស្តែង ស្ថានទូតនឹងជូនព័ត៌មានតាមក្រោយ។

. ករណីទារប្រាក់ខាងលើ ពិតជាបានប៉ះពាល់យ៉ាងខ្លាំងបំផុតដល់កេរ្តិ៍ឈ្មោះ និងកិច្ចខិតខំទាំងឡាយដែលស្ថានទូតបាន និងកំពុង អនុវត្តក្នុងការជួយពលរដ្ឋខ្មែរ។ ចាប់ពីខែឧសភា ឆ្នាំ២០១៦ដល់ពេលនេះ ស្ថានទូតបានជួយពលករខ្មែរឲ្យបានត្រឡប់ទៅកម្ពុជាវិញ ចំនួន៤៥នាក់ ដោយពុំដែលទាមទារអ្វីទេ។ ក្រៅពីនេះ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលរង់ចាំដំណោះស្រាយ ស្ថានទូតបានផ្តល់ដោយឥតគិតថ្លៃនូវកន្លែងស្នាក់នៅ ហូបចុក ថ្លៃពេទ្យ និង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ ជូនពលរដ្ឋខ្មែរចំនួន ១០ ទៅ១៥នាក់ (សូមគោរព ជូនរូបថតមួយចំនួន)។ មានពលរដ្ឋខ្លះបានស្នាក់នៅរយៈពេលជាង៤ខែហើយ ដោយសារថៅកែពុំព្រមសហការ ហើយត្រូវឡើងតុលាការជាច្រើនលើក។ ស្ថានទូតក៏បានចេញថ្លៃសំបុត្រយន្តហោះ បង់ផាកពិន័យជូនអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនពលករដែលជួបការលំបាកផ្នែកថវិកា។ល។

      ភ្នំពេញ ថ្ងៃទី 0៨ ខែ សីហា ឆ្នាំ២០១៦