សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 8, 2016

ការ​អន្ត​រាគ​មន៍​ជួយ​ស្ត្រី​ខ្មែរ​រងគ្រោះ​ អ៊ុន​ ប៊ុយ​ ពី​ប្រទេស​ម៉ាឡេស៊ី​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលព័ត៌មានពីឪពុករបស់ពលការិនី អ៊ុន ប៊ុយ ក្នុងសប្តាហ៍ទី២ ខែកក្កដា ឆ្នាំ២០១៦ ថាពលការិនីខ្មែរឈ្មោះ អ៊ុន ប៊ុយ អាយុ២៦ឆ្នាំ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០១០ តាមរយៈក្រុមហ៊ុន ជីភីជីស៊ីអ៊ិនធើណេសិណាល។ ក្នុងឆ្នាំ២០១៤ នាងបានទូរស័ព្ទមកប្រាប់ម្តាយថា នាងបានរត់ចេញពីកន្លែងធ្វើការ និងទៅរស់នៅជាមួយគ្រួសារមួយមានគ្នា២នាក់ប្តីប្រពន្ធ ហើយបន្ទាប់មកគ្រួសារនោះបានបង្ខំឲ្យនាងយកប្តីជនជាតិឥណ្ឌូនេស៊ី រហូតមានកូន២នាក់។ បច្ចុប្បន្ន ពលការិនី អ៊ុន ប៊ុយ ត្រូវបានប្តីធ្វើបាប និងបង្ខំឲ្យធ្វើការសំណង់ជាទំងន់ ហើយនាងបានព្យាយាមរត់គេចជាច្រើនលើក តែមិនបានសំរេច។

          ឪពុករបស់ពលការិនីរងគ្រោះបានស្នើសុំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អន្តរា-គមន៍ជួយកូនរបស់គាត់ បាន វិលត្រឡប់មកកម្ពុជាវិញ។ តាមការណែនាំ និងការផ្តល់ព័ត៌មានរបស់ក្រសួង  ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ជួយដល់ពលការិនីរូបនេះ។

          ពលការិនី អ៊ុន ប៊ុយ និងកូនប្រុសឈ្មោះ អាគីហ្វ គាតូនី (កើតថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៥) បានត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៦ ម៉ោង ១៧:១០នាទី តាមជើងយន្តហោះលេខ MH762

             ក្នុងអំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតក៏បានផ្តល់កន្លែងស្នាក់នៅ និងការហូបចុក ដល់អ្នកទាំងពីរផង ដែរ។

                    ភ្នំពេញ ថ្ងៃទី 0៨ ខែ សីហា ឆ្នាំ២០១៦