ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មិថុនា 30, 2019

ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជ​ទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានជួបពិភាក្សាការងារ​ជាមួយ ឯកឧត្តម Robert Deleo ​ប្រធាន​រដ្ឋសភា​រដ្ឋ​ Massachusetts ដើម្បីពិភាក្សាគ្នាអំពី​ការ​វិវត្តនៃ​ទំនាក់ទំនងកម្ពុជា-អាមេរិក

នៅថ្ងៃទី ២៦-២៧ ខែមិថុនា ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជ​ទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានជួបពិភាក្សាការងារ​ជាមួយ ឯកឧត្តម Robert Deleo ​ប្រធាន​រដ្ឋសភា​រដ្ឋ​ Massachusetts ដើម្បីពិភាក្សាគ្នាអំពី​ការ​វិវត្តនៃ​ទំនាក់ទំនងកម្ពុជា-អាមេរិក ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ ឯកឧត្តមឯកអគ្គរាជ​ទូត បានលើកឡើង​ពី​បំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបំណង​ចង់​ឲ្យ​មាន​ការ​អនុវត្ដកាន់តែប្រសើរនូវ​អនុស្សរណៈយោគយល់គ្នាស្តីពីទីក្រុងសម្ព័ន្ធ ទីក្រុងឡូវែល-រាជធានីភ្នំពេញ ឆ្នាំ២០១៥ និងការបង្កើតទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម អប់រំ ​និងវប្បធម៌ រវាងរដ្ឋ Massachusetts- កម្ពុជា។

ឯកឧត្តមប្រធានសភា បានយល់ស្រប​ចំពោះទស្សនៈពង្រឹង​ចំណងទាក់ទងទ្វេភាគី និង​បានទទួលដោយក្តីរីករាយនូវការអញ្ជើញរបស់ឯកឧត្តម​ឯកអគ្គរាជ​ទូត មកទស្សនកិច្ច​នៅ​កម្ពុជា​។

ឯកឧត្តមឯកអគ្គរាជ​ទូត ក៏មានកិច្ចប្រជុំជាមួយអ្នកតំណាងរាស្ត្រ​មួយចំនួន ដែលជាសមាជិកគណៈកម្មាការ​អាស៊ីនៃ​សភា​រដ្ឋ Massachusetts ផងដែរ​។ ការពិភាក្សាបានផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការ Massachusetts – ​កម្ពុជា លើវិស័យជាច្រើន​។ ឯកឧត្តម​ក៏បានជួបសំណេះសំណាល​ជាមួយសហគមន៍ខ្មែរនៅទីក្រុងឡូវ៉ែល​​ផងដែរ។