សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 8, 2016

ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​របស់​ពល​រដ្ឋ​ខ្មែរ​២​នាក់​ ពី​ប្រទេស​ចិន​

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន រៀបចំអោយពលរដ្ឋខ្មែរចំនួន២រូប ដែល មានឈ្មោះដូចខាងក្រោម ត្រឡប់មកកម្ពុជាវិញ៖

        ១- ស្រ្តីឈ្មោះ ផុន ធារី កើតថ្ងៃទី២ សីហា ១៩៩០ មកពីភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង បានមកដល់ ស្ថានអគ្គកុងស៊ុលកម្ពុជា កាលពីថ្ងៃទី២៨ កក្កដា ២០១៦ ដើម្បីស្នើសុំជួយអន្តរាគមន៍ត្រឡប់មកកម្ពុជាវិញ។ សាម៉ីខ្លួនបានអោយដឹងថា ខ្លួនត្រូវបានមេខ្យល់នាំចូលទៅប្រទេសចិនកាលពីថ្ងៃទី២៧ មិថុនា ២០១៦ ឆ្លងកាត់តាមប្រទេសវៀតណាម និងបានទៅរស់នៅជាមួយប្តីក្នុងខេត្តអានហួយ ដោយពុំមានចុះលិខិតអាពាហ៍ពិពាហ៍ទេ និងថាមូលហេតុចង់ត្រឡប់មកស្រុកកំណើតវិញ គឺដោយសារប្តីបិទសេរីភាពអោយនៅតែក្នុងផ្ទះ មិនផ្តល់ប្រាក់កាក់សម្រាប់ចាយវាយ និងមិនផ្តល់សម្លៀកបំពាក់អោយគ្រប់គ្រាន់។

          ២- បុរសឈ្មោះ នួន បូណា កើតឆ្នាំ១៩៦០ មកពីខេត្តក្រចេះ បានចូលទៅប្រទេសចិនដោយមិនដឹង កាលបរិច្ឆេទច្បាស់លាស់ ដោយសារសាម៉ីខ្លួនមានសតិមិនល្អ។ បច្ចុប្បន្ន សាម៉ីខ្លួនត្រូវបានអាជ្ញាធរទីក្រុង ហានចូវ ឃាត់ខ្លួន។

          ស្ថានអគ្គកុងស៊ុលកម្ពុជា បានសហការជាមួយអាជ្ញាធរចិន រៀបចំបែបបទធ្វើដំណើរ ហើយពលរដ្ឋខ្មែរទាំង២រូប បានត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៦ ម៉ោង ២៣:១៥នាទី តាមជើងយន្តហោះលេខ MU 759

              ភ្នំពេញ, ថ្ងៃទី០៨ ខែ សីហា ឆ្នាំ ២០១៦