សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 11, 2016

ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ប្រាក់​ សុខុន​ និង​ឯក​ឧត្តម​រដ្ឋ​លេខា​ធិការ​ ឡុង​ វិសា​លោ ​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​ជំទាវ​ Angela ​Corcoran​ ឯកអគ្គរដ្ឋ​ទូត​អូស្រ្តាលី​ ​ប្រចាំ​នៅ​កម្ពុជា​ ជាបន្តបន្ទាប់

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការ បានជួបពិភាក្សាជាបន្តបន្ទាប់ជាមួយលោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ៩ និង១០ ខែសីហា ឆ្នាំ២០១៦។

          ថ្នាក់ដឹកនាំនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជំរាបជូនលោកជំទាវឯកអគ្គរដ្ឋទូត នូវការខឹងសម្បាររបស់ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ចំពោះពាក្យសំដីរបស់បុគ្គល ហុង លីម ដែលបានប្រមាថរបបនៅកម្ពុជា ជាតិរច្ឆាន ព្រមទាំងប្រគល់ជូនលោកជំទាវ នូវញត្តិនានារបស់ព្រឹទ្ធសភា រដ្ឋសភា សមាគម និងសេចក្តីប្រកាស របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

          តបនឹងបញ្ហានេះ លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបជូនថា ស្ថានទូតអូស្ត្រាលីបានចេញសេចក្តីប្រកាសថា សំដីរបស់បុគ្គល ហុង លីមនេះ មិនមែនតំណាងឲ្យរដ្ឋាភិបាលអូស្ត្រាលីនោះទេ ហើយបុគ្គលនេះ ក៏មិនមែនជាសមាជិកសភាសហព័ន្ធអូស្ត្រាលីដែរ។ យ៉ាងណាក៏ដោយ ភាគីទាំងពីរបានសំដែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគី ហើយឯកភាពគ្នាថា នឹងបន្តខិតខំធ្វើការរួមគ្នាដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា ឲ្យកាន់តែរឹងមាំ និងរីកចម្រើនតទៅមុខទៀត។

                   ភ្នំពេញ, ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៦