សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 13, 2016

ជំនួប​រវាង​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ប្រាក់​ សុខុន​ និង​លោក​ Eric Normand THIBEAULT តំណាង​របស់​អង្គការ​អន្តរជាតិ​ ហ្រ្វង់​កូហ្វូនី​ ប្រចាំ​តំបន់​អាស៊ី​-ប៉ាស៊ី​ហ្វិក​

នៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោង១០:០០ព្រឹក នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ លោក Eric Normand THIBEAULT តំណាងរបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

នៅក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្ដែងនូវការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់លោក Eric Normand THIBEAULT មកកាន់កម្ពុជានេះ ហើយឯកឧត្តមបានវាយតម្លៃថា ទស្សនកិច្ចរបស់លោក គឺជាកាលានុវត្តភាពមួយដែលប្រព្រឹត្តទៅចំពេល ដែលយើងកំពុងត្រៀមរៀបចំព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ ជាអាទិ៍ ដំណើរទស្សនកិច្ចផ្លូវការ លើកទីមួយនៅកម្ពុជារបស់លោកស្រី Michaëlle JEAN អគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ការប្រារព្ធខួបលើកទី៥០ (១៩៦៦-២០១៦) នៃដំណើរទស្សកិច្ចរបស់ឧត្តមសេនីយ៍ ហ្សាល ដឺហ្គោល (Charles-de-Gaule) អតីតប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅខែតុលា និង ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅប្រទេសម៉ាដាហ្គាស្កា នៅខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ ព្រមទាំងជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការ រវាងកម្ពុជា ជាមួយអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវការរីករាយចំពោះការជួបពិភាក្សាការងាររវាងលោក THIBEAULT និងមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ស្តីអំពីការពង្រឹងនូវកិច្ចសហ- ប្រតិបត្តិការរវាងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ជាមួយនិងមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា។

លោក THIBEAULT បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី អំពីគោលដៅសំខាន់នៃទស្សន-កិច្ចរបស់លោក គឺការត្រៀមរៀបចំដំណើរទស្សនកិច្ច របស់លោកស្រី Michaëlle JEAN ដែលជា អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី មកកាន់កម្ពុជា នៅក្នុងរវាងពាក់កណ្តាលខែតុលា ឆ្នាំ២០១៦។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវការស្វាគមន៍ ចំពោះគម្រោងទស្សនកិច្ចរបស់លោកស្រីអគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី មកកាន់កម្ពុជា ហើយបានពិភាក្សាជាមួយលោក THIBEAULT អំពីការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចនេះ   ក្នុងនោះក៏មានការរៀបចំឱ្យមានការតាំងពិពរណ៍រូបថតរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីឧទ្ទិសដល់ព្រះបរមរតនកោដិ ព្រះមហាវីរៈក្សត្រ ព្រះវរៈរាជបិតាកម្ពុជា ក្នុងព្រះរាជតួនាទីជាស្ថាបនិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី សិល្បៈករ និងអតីតព្រះប្រមុខរដ្ឋ ហើយនិងការសម្តែងនូវរបាំបាឡេក្នុងឱកាសនោះផងដែរ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោក THIBEAULT ក៏បានពិភាក្សាគ្នាផងដែរ អំពីការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា និងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ពិសេសផ្តោតទៅលើការចែករំលែកនូវបទពិសោធន៍ ហើយនិងការជួយបណ្តុះបណ្តាលភាសាបារាំងដល់កងកម្លាំងមួកខៀវកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការបញ្ជូនកងកម្លាំងមួកខៀវរបស់កម្ពុជា ទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពជាច្រើនរបស់ អ.ស.ប ដូចជា នៅម៉ាលី  អាហ្វ្រិកកណ្តាល អាហ្វ្រិកខាងត្បូង លីបង់ និងនៅស៊ូដង់ជាដើម ហើយបានគូសបញ្ជាក់ថា ការជួយបណ្តុះបណ្តាលលើផ្នែកភាសាបារាំង គឺមានសារៈសំខាន់ក្នុងជួយដល់កងកម្លាំងមួកខៀវរបស់កម្ពុជា សម្រាប់បំពេញបេសកកម្ម ប្រកបដោយជោគជ័យ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរំលឹកអំពីសំណើរបស់មជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលបានសុំឱ្យអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ជួយធ្វើការសាងសង់នូវបន្ទប់មួយ សម្រាប់ដាក់ម៉ាស៊ីនកំព្យូទ័រ ដើម្បីបម្រើឱ្យការស្រាវជ្រាវផ្នែកភាសាបារាំង នៅក្នុងមជ្ឈមណ្ឌលនោះ។

លោក THIBEAULT ក៏បានវាយតម្លៃខ្ពស់ចំពោះមោទនភាពរបស់កម្ពុជា ដែលបានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៅលើពិភពលោក ហើយនិងក៏បានសម្តែងនូវការរីករាយរបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ក្នងការជួយបណ្តុះបណ្តាលភាសាបារាំង ដល់កងកម្លាំងមួកខៀវរបស់កម្ពុជា។ លោក THIBEAULT ក៏បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី អំពីការពិនិត្យដោយយកចិត្តទុកដាក់របស់អង្គការហ្វ្រង់កូហ្វូនី ចំពោះសំណើជួយសាងសង់បន្ទប់ នេះ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីដំណើរការបច្ចុប្បន្ននៃគំនិតផ្តួចផ្តើមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងការបង្កើតឡើងនូវវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ មួយ នៅក្នុងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបានលើកឡើងអំពីបំណងរបស់ឯកឧត្តម ចង់ឱ្យមានកិច្ចសហប្រតិបត្តិការរវាងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ជួយគាំទ្រដល់វិទ្យាស្ថាន នេះ។

លោក THIBEAULT ក៏បានសម្តែងនូវការស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមដ៏ល្អរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី និងបានគូសបញ្ជាក់អំពីការរីករាយរបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ក្នុង ការបង្កើតឱ្យមានទំនាក់ទំនងរវាងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ជាមួយនិងវិទ្យាស្ថានការទូត និង ទំនាក់ទំនងអន្តរជាតិ របស់ក្រសួងការបរទេស ដែលនឹងត្រូវបង្កើតឡើងក្នុងពេលខាងមុខ។

          ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

  ភ្នំពេញ, ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៦