សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 3, 2016

ជំនួប​រវាង​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ប្រាក់​ សុខុន​ និង​លោក​ជំទាវ​ BU Jianguo ​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​

នៅថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោង១១:០០ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោកជំទាវ BU  Jianguo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវបញ្ចប់បេសកកម្មការទូតរបស់លោកជំទាវ នៅ  ព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តការដ៏ល្អប្រសើរលើគ្រប់វិស័យរវាងកម្ពុជាជាមួយនិងចិន ហើយឯកឧត្តមបានថ្លែងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា នូវអំណរគុណយ៉ាងស្មោះស័្មគ្រ និងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភ ហើយនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលចិនបានផ្តល់ដល់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការជួយឧបត្ថម្ភ និងកិច្ចសហប្រតិបត្តការទាំងនោះ បានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ន ហើយការរីកចម្រើនទាំងនោះបានជួយ ពង្រឹងបន្ថែមទៀត នូវឯករាជ្យនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ចេញពីការឧបត្ថម្ភ និងកិច្ចសហ-ប្រតិបត្តិការរវាងកម្ពុជា និងចិននោះឡើយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះភាពសកម្ម ហើយនិងការចូលរួមចំណែករបស់លោកជំទាវឯកអគ្គរដ្ឋទូត ក្នុងពេលដែលលោកជំទាវបំពេញបេសកកម្មនៅកម្ពុជា ដល់ការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

លោកជំទាវ BU Jianguo បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីមនោសច្ចេតនាមិត្តភាព ដ៏ជ្រាលជ្រៅរបស់លោកជំទាវ ដែលមានចំពោះកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា ក្នុងពេលដែលលោកជំទាវ ស្នាក់នៅ និងបំពេញការងារនៅកម្ពុជា។ លោកជំទាវក៏បានវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ហើយនិងទំនាក់ទំនងការងារដ៏ជិតស្និទរវាងក្រសួងការបរទេស និងស្ថានទូតចិន នៅក្នុងឱកាសដែលលោកជំទាវបំពេញការងារនៅកម្ពុជា ដែលបានជួយឱ្យលោកជំទាវអនុវត្តបានដោយជោគជ័យ នូវបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។

លោកជំទាវ BU Jianguo ក៏បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីថា ឯកអគ្គរដ្ឋទូតថ្មីរបស់ចិន នឹងបន្តការងារក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកជំទាវ ក៏បានស្នើសុំឱ្យឯកឧត្តមទេសរដ្ឋមន្រ្តី និងក្រសួងការបរទេសបន្តផ្តល់ការគាំទ្រ និងបន្តនូវទំនាក់ទំនងដ៏ល្អប្រសើររវាងក្រសួងការបរទេស ជាមួយនិងស្ថានទូតចិន ដើម្បីជួយដល់ឯកអគ្គរដ្ឋទូតថ្មី ឱ្យបំពេញការងារបានល្អប្រសើរនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ឯកឧត្តមផ្ទាល់ក៏ដូចជាក្រសួងការបរទេស ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើទំនាក់ទំនងការងារដ៏ជិតស្និទ្ធ ជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់ចិន ដើម្បីពង្រឹង និងពង្រីកនូវទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

          ភ្នំពេញ ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០១៦