សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 5, 2016

ជំនួប​រវាង​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​​ ប្រាក់​ សុខុន​ និង​លោក​ជំទាវ​ Angela Corcoran ឯក​អគ្គ​រាជទូត​អូស្រ្តាលី​

នៅថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោង១៥:៣០ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីរបស់ប្រទេសអូស្ត្រាលី  ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសដែល លោកជំទាវចូលបំពេញការងារ នៅព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្ដែងនូវការស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះការតែងតាំងលោកជំទាវជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដោយបាន សម្ដែងនូវក្តីសង្ឃឹមថា លោកជំទាវនឹងបន្តការងារក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរបន្តទៅទៀត។

ឆ្លៀតឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្ដែងនូវអំណរគុណចំពោះការជួយឧបត្ថម្ភ គ្រប់បែបយ៉ាង ហើយនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលរដ្ឋាភិបាលអូស្រ្តាលី បានផ្ដល់ ចំពោះកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ជនបទ ផ្នែកច្បាប់ ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងនឹងអំពើហិង្សាទៅលើស្រ្តី ។ល។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការងារដ៏ជិតស្និទ្ធរវាង ក្រសួងការបរទេស និងស្ថានទូតអូស្រ្តាលី ក្នុងរយៈកាលកន្លងមក ហើយឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវក្តីសង្ឃឹមថា លោកជំទាវ នឹងបន្តនូវទំនាក់ទំនងដ៏ល្អប្រសើរនេះ។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ និងសម្ដែងនូវការពេញចិត្តរបស់រដ្ឋាភិបាល អូស្ត្រាលីចំពោះការរីកចំរើន ក្នុងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យរវាង ប្រទេសទាំងពីរ។

លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការក្នុងការជួយគាំទ្រគ្នាទៅ វិញទៅមករវាងអូស្រ្តាលី-កម្ពុជា នៅលើវេទិកាអន្តរជាតិ  និងបានគូសបញ្ជាក់ដែរថា រដ្ឋាភិបាល អូស្រ្តាលី វាយតម្លៃខ្ពស់ចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាន់ខ្ជាប់នូវការអនុវត្ត អនុស្សារណៈនៃការយោគយល់គ្នា ស្តីអំពីការតាំងទីលំនៅរបស់ជនភៀសខ្លួននៅកម្ពុជាដែល រដ្ឋា ភិបាលទាំងពីរបានចុះហត្ថលេខាក្នុងពេលកន្លងមក។

លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងនូវការអបអរសាទរចំពោះការឈានឡើងរបស់កម្ពុជាពីប្រទេសមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ដោយលោកជំទាវ បានគូសបញ្ជាក់ថា នេះគឺជាលទ្ធផលជាក់ស្ដែងនៃការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច នៅកម្ពុជា ។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីការផ្ដល់អាហារូបករណ៍របស់អូស្រ្តាលី ដល់កម្ពុជាដែលជារៀងរាល់ឆ្នាំ មានចំនួន៥០ អាហារូបករណ៍ ហើយដែលរហូតមកដល់ពេលនេះ គឺមានចំនួនប្រមាណ៧០០ អាហារូបករណ៍។ លោកជំទាវបានគូសបញ្ជាក់ផងដែរថា  នៅក្នុងក្របខ័ណ្ឌនៃផែនការកូឡុំបូថ្មី (New Colombo Plan) កម្ពុជា ជាប្រទេសដែលនិស្សិតអូស្រ្តាលីមានការចាប់ អារម្មណ៍ខ្លាំង ហើយបានជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់មកផ្លាស់ប្ដូរបទពិសោធន៍សិក្សានិងថា ក្នុងឆ្នាំ២០១៦នេះ និស្សិតអូស្រ្តាលីមកផ្លាស់ប្ដូរបទពិសោធន៍សិក្សានៅកម្ពុជា បានកើនដល់ ចំនួន ៣៧០ នាក់ ដែលក្នុងឆ្នាំ ២០១៥ មានចំនួនតែ៩៩នាក់ តែប៉ុណ្ណោះ។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជំរាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី អំពីការផ្តល់ជំនួយរបស់អូស្រ្តាលីជួយចំពោះកម្ពុជា ដែលឆ្នាំកន្លងមកមានចំនួនប្រមាណ ៩០លានដុល្លាអូស្រ្តាលី  ហើយ បើទោះជារដ្ឋាភិបាលអូស្រ្តាលីមានគោលការណ៍កាត់បន្ថយជំនួយទៅក្រៅប្រទេស ក៏ពុំមានប៉ះពាល់ ដល់កម្ពុជាឡើយ ដោយកម្ពុជានៅតែទទួលបានជំនួយប្រមាណ ៩០ លានដុល្លាអូស្រ្តាលី ដដែល សម្រាប់ឆ្នាំ២០១៦នេះ។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់់ផងដែរថា ប្រទេសអូស្រ្តាលី គឺជាប្រទេសដែលផ្ដល់ជំនួយធំទី២ ចំពោះតុលាការកាត់ក្តីខ្មែរក្រហម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវអំពីលទ្ធផលផ្លែផ្កានៃការបណ្ដុះបណ្ដាល និស្សិតកម្ពុជានៅប្រទេសអូស្រ្តាលី ដោយបានគូសបញ្ជាក់ថា បច្ចុប្បន្នគឺកំពុងតែមានសារៈប្រយោជន៍ និងតួនាទីដ៏សំខាន់ក្នុងក្រសួងការបរទេស ជាក់ស្ដែងក្នុងចំណោមឯកអគ្គរាជទូតកម្ពុជានៅក្រៅប្រទេស មាន ០៤នាក់ ក្នុងនោះស្រ្តី ០២នាក់ គឺជាអ្នកដែលទទួលបានការបណ្ដុះបណ្តាលនៅប្រទេសអូស្រ្តាលី ហើយនៅក្នុងក្រសួងក៏មានអនុរដ្ឋលេខាម្នាក់ និងមន្រ្តីមួយចំនួនទៀត ថ្នាក់អនុប្រធាន នាយកដ្ឋាន ប្រធាននាយកដ្ឋាន និងអគ្គនាយករង ដែលជាអ្នកត្រូវបានបណ្ដុះបណ្តាលនៅអូស្រ្តាលី។  ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងអំណរគុណចំពោះការជួយរបស់អូស្រ្តាលី ក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្សនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ផងដែរ អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរលើផ្នែកការបញ្ជូនអ្នកស្ម័គ្រចិត្តអូស្រ្តាលីមកកម្ពុជា ដែលនៅក្នុងឆ្នាំ ២០១៥ មានអ្នកស្ម័គ្រចិត្តអូស្រ្តាលីចំនួន ៧២នាក់ ហើយក្នុងឆ្នាំ២០១៦ នេះគឺមានចំនួន៥២នាក់ ដែលបានមកជួយដល់កម្ពុជា ហើយតាមវត្តមានរបស់អ្នកទាំងនោះ បានបង្កើននូវការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងប្រជាជនទាំងពីរ ក៏ដូចជាឱកាសនៃការចែករំលែកនូវបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសម្ដែងនូវការរីករាយ ចំពោះការលើកឡើងរបស់លោកជំទាវឯកអគ្គរដ្ឋទូត ដែលថាកម្ពុជា គឺជាគោលដៅមួយ ដែលមានប្រជាប្រិយភាពខ្លាំងសម្រាប់ការជ្រើសរើស របស់និស្សិតអូស្រ្តាលី ក្នុងកម្មវិធីកូឡុំបូថ្មី។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានអះអាងអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តអនុស្សារណៈយោគយល់ស្តីពីជនភៀសខ្លួន ហើយបានជំរាបជូនលោកជំទាវទូតថា ក្រុមការងារខាងកម្ពុជាកំពុងពិនិត្យកែសំរួលនូវលក្ខខណ្ឌរស់នៅរបស់ជនភៀសខ្លួន ដើម្បីងាយធ្វើសមាហរណកម្មក្នុងសង្គមខ្មែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវបានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាតំបន់ និងបញ្ហាអន្តរជាតិមួយចំនួនដែលមានផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។

          ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

    ភ្នំពេញ ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ២០១៦