សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 3, 2016

ជំនួប​រវាង​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ប្រាក់​ សុខុន​ និង​ឯក​ឧត្តម​ Abdelilah El Housni ឯក​អគ្គ​រាជ​ទូត​ម៉ារ៉ុក​

នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១០:០០ព្រឹក ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម Abdelilah El Housni ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រម៉ារ៉ុក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែល មាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

នៅក្នុងជំនួប ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹកឡើងវិញនូវទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ ដែលត្រូវបានបង្កើតឡើងដោយព្រះមហាក្សត្រនៃប្រទេសទាំងពីរតាំងពីសម័យមុនសង្រ្គាម ហើយនិងការភ្ជាប់ ទំនាក់ទំនងការទូតឡើងវិញកាលពីខែតុលាឆ្នាំ១៩៩៦។ ចំពោះការរីកចំរើននៃទំនាក់ទំនងទ្វេភាគី ឯកឧត្តម ទេសរដ្ឋមន្រ្តី បានរំលឹកឡើងវិញនូវការចុះហត្ថលេខាក្នុងឆ្នាំ២០១៤ លើអនុស្សរណៈស្តីពីការពិគ្រោះ យោបល់ផ្នែកនយោបាយរវាងក្រសួងការបរទេសទាំងពីរ ហើយនិងការពិគ្រោះលើកទី១នៅក្នុងឆ្នាំ២០១៤ នៅរាជធានីភ្នំពេញ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើអោយភាគីម៉ារ៉ុក ពិនិត្យពីលទ្ធភាពក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះរវាងក្រសួងការបរទេសទាំងពីរជាលើកទី២ នៅប្រទេសម៉ារ៉ុក ក្នុងឆ្នាំ២០១៦នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញផងដែរអំពីការចុះហត្ថលេខាសង្ខេបរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០០២ លើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកទេស និងវប្បធម៌ ដែលរហូតបច្ចុប្បន្ន កិច្ចព្រមព្រៀងនេះនៅពុំទាន់ត្រូវបានចុះហត្ថលេខានៅឡើយ ទេ ហើយនិងគំរោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋការសម្រាប់អ្នកកាន់លិខិតឆ្លងដែន ការទូតនិងលិខិតឆ្លងដែនផ្លូវការរបស់ប្រទេសទាំងពីរ ដែលភាគីទាំងពីរបានព្រមព្រៀងថា នឹងចុះហត្ថលេខាក្នុងឆ្នាំ២០១៦នេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវអោយភាគីទាំងពីរ ខិតខំធ្វើការរួមគ្នាដើម្បីអនុវត្តបណ្តាឯកសារដែលបានចុះហត្ថលេខាកន្លងមក ហើយនិងជំរុញអោយមានការចុះហត្ថលេខាលើឯកសារដែលបានព្រមព្រៀងគ្នារួចហើយ។

ឯកឧត្តមឯកអគ្គរាជទូត បានប្រគល់ជូនឯកឧត្តមទេសរដ្ឋមន្រ្តី នូវសារលិខិតរបស់ឯកឧត្តមរដ្ឋមន្រ្តី ការបរទេសម៉ារ៉ុក អបអរសាទរចំពោះការតែងតាំងឯកឧត្តម ប្រាក់ សុខុន ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។  ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាព ដែលត្រូវបានបង្កើតឡើងដោយព្រះមហាក្សត្រនៃប្រទេសទាំងពីរ និងការរីកចម្រើនផ្នែកទំនាក់ទំនងទ្វេរភាគី រហូតមកដល់ពេលបច្ចុប្បន្ន។

ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីការត្រៀមរៀបចំរបស់ក្រសួង ការបរទេសម៉ារ៉ុក អោយមានកិច្ចប្រជុំពិគ្រោះយោបល់លើកទី២រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ក្នុងចុងឆ្នាំ២០១៦នេះ នៅប្រទេសម៉ារ៉ុក។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើអោយភាគីទាំងពីរ រៀបចំអោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកទេស និងវប្បធម៌ និងកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតនិងលិខិតឆ្លងដែនផ្លូវការរបស់ប្រទេសទាំងពីរ ក្នុង ឱកាសនៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី២នេះ។

ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបឯកឧត្តមទេសរដ្ឋមន្រ្តីថា ប្រទេសម៉ារ៉ុក ចាត់ទុកប្រទេសកម្ពុជា គឺជាគំរូដ៏ល្អមួយសម្រាប់ប្រទេសដទៃទៀតនៅលើសកលលោក ក្នុងការខិតខំបង្កើតអោយមានភាពសុខដុមនីយកម្ម និងសន្តិសហវិជ្ជមាន រវាងបណ្តាក្រុមសហគមន៍ដែលមានជំនឿសាសនាផ្សេងៗគ្នា។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងពីបំណងរបស់រដ្ឋាភិបាលម៉ារ៉ុក ក្នុងការពង្រីកកិច្ចសហ- ប្រតិបត្តិការផ្នែកការទូតជាមួយកម្ពុជា ជាពិសេសលើការបណ្តុះបណ្តាលអ្នកការទូតវ័យក្មេងកម្ពុជានៅប្រទេសម៉ារ៉ុក ហើយនិងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅម៉ារ៉ុកផងដែរ។

ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនពីបំណងរបស់រដ្ឋាភិបាលម៉ារ៉ុក ក្នុងការអញ្ជើញថ្នាក់ដឹកនាំកម្ពុជា ទៅចូលរួមកិច្ចប្រជុំ COP22 ស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងប្រព្រឹត្ត ទៅនៅប្រទេសម៉ារ៉ុក ក្នុងឆ្នាំ២០១៦នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាផងដែរ អំពីការប្រារព្ធខួប២០ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ (២៣ តុលា ១៩៩៦-     ២៣ តុលា ២០១៦)៕

                          ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦