សេចក្តីប្រកាសព័ត៌មាន

  • សីហា ៣០, ២០១៦

ជំនួប​រវាង​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ប្រាក់ ​សុខុន​ និង​ឯក​ឧត្តម​ Dato Sri Hasan Melek ឯក​អគ្គ​រដ្ឋ​ទូត​ម៉ាឡេស៊ី​​

នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោង១៥:៣០ នាទីរសៀល ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម Dato Sri Hasan Melek ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

នៅក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការស្វាគមន៍ចំពោះ ការតែងតាំងឯកឧត្តម Dato Sri Hasan Melek ជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រ- កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្ថិតក្នុងភាពខ្លាំង អាស្រ័យដោយទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ។ ឯកឧត្តម បានគូស បញ្ជាក់ថា ការអញ្ជីញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន ហើយនិងទស្សនកិច្ច ផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេស ម៉ាឡេស៊ី កាលពីថ្ងៃទី០១ ដល់ ០៤ ខែមិថុនា  ឆ្នាំ២០១៦ កន្លងមកនេះ ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ និងបានពង្រឹងបន្ថែម ទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ ដែលមានស្រាប់ រវាងប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីការពេញចិត្តរបស់ ថ្នាក់ដឹកនាំនៃប្រទេសម៉ាឡេស៊ី ចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ នាពេលបច្ចុប្បន្ន រវាងប្រទេសទាំងពីរ និងបំណងចង់ពង្រឹងពង្រីកបន្ថែមទៀត នូវទំនាក់ ទំនងដ៏ ល្អនេះ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា លើការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ ទ្វេ ភាគី។

លើផ្នែកទេសចរណ៍ ឯកឧត្តមទេសរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងផ្នែក ទេសចរណ៍រវាងប្រទេសទាំងពីរ និងបានគូស បញ្ជាក់ថា ក្នុងឆ្នាំ២០១៤ ចំនួនអ្នកទេសចរម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជាមានចំនួនប្រមាណ១៤០ពាន់នាក់ ហើយបានកើនឡើង ដល់១៤៩ពាន់នាក់ នៅក្នុងឆ្នាំ២០១៥។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានផ្ដល់យោបល់ឲ្យមានការបង្កើនកិច្ចសហប្រតិ- បត្តិការបន្ថែមទៀត រវាងក្រសួងទេសចរណ៍របស់ប្រទេសទាំងពីរ ដើម្បីឆ្លើយតបនឹងការកើនឡើង នូវទំនាក់ទំនងដ៏ល្អលើផ្នែកទេសចរណ៍នេះ ហើយ ឯកឧត្តម ក៏បានលើកឡើងអំពីការកើនឡើងនូវ អ្នកទេសចរកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ីផងដែរ។

លើវិស័យពាណិជ្ជកម្ម ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងឱកាសទស្សនកិច្ច កាលពីខែមិថុនាកន្លងមកនេះ របស់ សម្ដេច អគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ ប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្រ្តីរបស់ប្រទេសទាំងពីរ បានឯកភាពគ្នាថា នឹងធ្វើការជំរុញ បន្ថែមទៀត នូវការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញ ឲ្យមានការចុះ ហត្ថលេខាបានឆាប់ក្នុងពេលខាងមុខ លើកិច្ចព្រមព្រៀងស្ដីពីការចៀសវាងយកពន្ធ ត្រួតគ្នា ដើម្បីបើកផ្លូវឲ្យប្រទេសទាំងពីរ ពង្រីក បន្ថែមទៀតនូវការផ្លាស់ប្ដូរពាណិជ្ជកម្ម។

លើផ្នែកវិនិយោគទុន  ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគទុន របស់ប្រទេសម៉ាឡេស៊ីនៅកម្ពុជា ដោយ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីស្ថិតក្នុងលំដាប់ទីពីរក្នុងចំណោមប្រទេសអាស៊ាន។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើក ឡើងអំពីបំណង ប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ចង់ឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការបង្កើនវិនិយោគទុន ម៉ាឡេស៊ី មកកាន់កម្ពុជាបន្ថែមទៀត។

លើវិស័យអប់រំ ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការផ្ដល់អាហារូបករណ៍ រយ:ពេលខ្លីរបស់រដ្ឋាភិបាលម៉ាឡេស៊ី ចំពោះ មន្រ្តី និងនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសម៉ាឡេស៊ី។  ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកសំណើឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ពិនិត្យ លទ្ធភាពផ្តល់អាហារូបករណ៍ រយៈពេលវែងផងដែរ។

ចំពោះបញ្ហាពលករ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អរវាង ប្រទេសទាំងពីរ ដែលគិតតាំងពីឆ្នាំ២០០០ រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺពលករកម្ពុជា បានទៅ ធ្វើការនៅប្រទេសម៉ាឡេស៊ី មានចំនួនប្រមាណ១៤ពាន់នាក់។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើក ឡើងពីភាពចាំបាច់ក្នុងការជំរុញឲ្យមានការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការ ប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស ដែលនឹងអនុញ្ញាតឲ្យប្រទេសទាំងពីរ អនុវត្តឲ្យបានល្អប្រសើរ លើកិច្ចសហប្រតិបត្តិការនៃផ្នែកពលករនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីបំណង ប្រាថ្នាចង់ឲ្យ មានការសហការគ្នារវាងអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការ ទប់ស្កាត់ ការជួញដូរមនុស្ស ការរំលោភបំពានទៅលើពលករកម្ពុជាដែលកំពុងតែបំពេញការងារនៅប្រទេស ម៉ាឡេស៊ី ហើយនិងការ បើកប្រាក់បៀវត្សបានទៀងទាត់ដល់ពលករកម្ពុជា ធ្វើយ៉ាងណាកែលម្អឲ្យ បានសមស្រប ដើម្បីសំរួលដល់ការបញ្ជូន ពលករកម្ពុជាទៅ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកអំពីការរៀបចំឲ្យមានសកម្មភាពឡើងវិញនូវក្បាល ម៉ាស៊ីននៃការជំរុញកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ គឺកិច្ចប្រជុំរបស់គណ:កម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ហើយឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចប្រជុំ លើកទី២របស់ គណៈកម្មការ បានធ្វើនៅទីក្រុងភ្នំពេញ ឆ្នាំ២០០៦។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើឲ្យម៉ាឡេស៊ី រៀបចំកិច្ចប្រជុំលើកទី៣របស់គណ:កម្មការចម្រុះសម្រាប់សហប្រតិបត្តិការទ្វេភាគីនេះ នៅក្នុង ប្រទេសម៉ាឡេស៊ី។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានយល់ស្របជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី អំពីការខិតខំដើម្បី ពង្រឹងនិងពង្រីកបន្ថែមទៀត នូវទំនាក់ទំនង ទ្វេភាគីរវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់អំពី ជំនួបពិភាក្សារវាងឯកឧត្តមជាមួយឯកឧត្តមរដ្ឋមន្រ្តី ក្រសួងទេសចរណ៍កម្ពុជា ក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការផ្នែកទេសចរណ៍ រវាងប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីការលើកឡើងនៅក្នុង សារព័ត៌មានខ្លះ អំពីករណីការធ្វើទារុណកម្ម លើរាងកាយចំពោះពលរដ្ឋខ្មែរជាប់ឃុំនៅពន្ធនាគារ Juru ហើយឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា អាជ្ញាធរប្រទេសម៉ាឡេស៊ី បានធ្វើការ ស៊ើបអង្កេតដោយហ្មត់ចត់ចំពោះការលើកឡើងនេះ ហើយថាការចោទប្រកាន់ទាំងនោះគ្មានមូលដ្ឋាន ពិតប្រាកដឡើយ និងបានច្រានចោលនូវការចោទប្រកាន់ទាំងនោះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ពីបំណងរបស់ម៉ាឡេស៊ី រៀបចំកិច្ចប្រជុំលើកទី៣របស់ គណ:កម្មការ ចម្រុះសម្រាប់សហប្រតិបត្តិការទ្វេភាគី នៅក្នុងឆ្នាំ ២០១៧ ដែលជាខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

          ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

  ភ្នំពេញ, ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៦