សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 30, 2016

ជំនួប​រវាង​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​​ ប្រាក់​ សុខុន​ និង​ឯក​ឧត្តម​ Le Hoai Trung អនុ​រដ្ឋ​មន្ត្រី​ការ​ប​រទេស​វៀត​ណាម​​

នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោង១៧:០០ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យគណៈប្រតិភូវៀតណាម ដឹកនាំ ដោយឯកឧត្តម Le Hoai Trung អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការអបអរសាទរចំពោះការតែងតាំងឯកឧត្តមអនុរដ្ឋមន្រ្តី ជាប្រធានថ្មីនៃគណៈកម្មការព្រំដែនរបស់វៀតណាម ហើយបានសម្តែងការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចលើកដំបូង របស់ឯកឧត្តមអនុរដ្ឋមន្រ្តី មកកាន់កម្ពុជាក្នុងឋានៈថ្មីនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា កិច្ចប្រជុំរបស់គណៈកម្មការព្រំដែនរបស់ប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅក្នុងថ្ងៃទី២៩ សីហា នេះ គឺស្របទៅតាមការសម្រេចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការជំរុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេសទាំងពីរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់គណៈកម្មការព្រំដែនរបស់ប្រទេសទាំងពីរ ដែលសម្រេចបាននូវការងារជាច្រើនក្នុងរយៈកាលកន្លងមក ក៏ដូចជាក្នុងកិច្ចប្រជុំលើកនេះ ដើម្បី ដោះស្រាយបញ្ហាដែលនៅសេសសល់ និងស្វែងរកការព្រមព្រៀងគ្នាលើបញ្ហាសំខាន់ៗជាច្រើន សម្រាប់ជំរុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់សារជាថ្មីម្តងទៀតថាៈ រាជរដ្ឋាភិបាលកម្ពុជាផ្ដល់សារៈ សំខាន់ដ៏ខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសវៀតណាម និងចំពោះការដោះស្រាយបញ្ហាព្រំដែន ជាមួយគ្នា ដើម្បីធានាបាននូវសន្តិភាព ស្ថេរភាព និងទំនាក់ទំនង មិត្តភាពដ៏ល្អប្រសើរជាប្រពៃណី រវាងប្រទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅក្នុងពេលខាងមុខរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមមកកាន់កម្ពុជា ក៏ដូចជាទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម នាពេលខាងមុខ នឹងរួមចំណែកដ៏សំខាន់នៅក្នុង ការពង្រឹងពង្រីក និងលើកស្ទួយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាង ប្រទេសទាំងពីរ។

ក្នុងឱកាសនេះដែរ ឯកឧត្តម  Le Hoai Trung  បានសម្តែងនូវការកោតសរសើរចំពោះ សមិទ្ធផលធំៗជាច្រើនដែលកម្ពុជាសម្រេចបាន នៅក្នុងដំណើរការកសាងប្រទេសរបស់ខ្លួន ហើយក៏ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងសហប្រតិបត្តិការ រវាងក្រសួងការបរទេសទាំងពីរ ក៏ដូចជារវាងរដ្ឋាភិបាលនៃ ប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីថា ថ្នាក់ដឹកនាំរបស់វៀតណាម បានផ្តល់នូវការយកចិត្តទុកដាក់សំខាន់ចំពោះការរក្សា ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងសហ- ប្រតិបត្តិការជាមួយកម្ពុជា ដោយចាត់ទុកថា ជាទំនាក់ទំនងដ៏សំខាន់សម្រាប់វៀតណាម។

ឯកឧត្តម Le Hoai Trung  ក៏បានជម្រាបជូនឯកឧត្តទេសរដ្ឋមន្រ្តី ផងដែរថា កិច្ចប្រជុំគណៈកម្មការព្រំដែនរវាងប្រទេសទាំងពីរកាលពីព្រឹកថ្ងៃទី២៩ សីហា នេះ គឺទទួលបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ ហើយឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលប្រទេសទាំងពីរសម្រេចបានក្នុងការងារព្រំដែន រយៈពេលកន្លងមក ដូចជាការចុះហត្ថលេខានៅលើឯកសារច្រើន ហើយនិងសម្រេចបានការបោះបង្គោលព្រំដែនចំនួន៨៣% ឯចំពោះបញ្ហាដែលនៅសេសសល់វិញ ភាគីទាំង ពីរ នឹងខិតខំដោះស្រាយរួមគ្នាបន្តទៅទៀត។

ឯកឧត្តម Le Hoai Trung បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលសម្រេចបានជាច្រើននៅក្នុងការងារគ្រប់គ្រងព្រំដែន របស់ប្រទេសទាំងពីរ ហើយឯកឧត្តមបានគូសបញ្ជាក់ថា ថ្វីត្បិតតែនៅមានបញ្ហាសេសសល់មួយចំនួន ដែលមិនទាន់បានឯកភាពគ្នា តែគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ នឹងបន្តធ្វើការជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយ ។

          ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

  ភ្នំពេញ, ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៦