ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កក្កដា 25, 2019

ឯកឧត្តម​ ជុំ សុន្ទរី ឯកអគ្គរាជ​ទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក នៅ​ក្រៅកិច្ចប្រជុំ​សភាអាមេរិក​ បានជួបពិភាក្សាការងារ​ ជាមួយឯកឧត្តម​ Andy Levin អនុប្រធានគណៈកម្មាធិការកិច្ច​ការអប់រំ និងការងារ

នៅថ្ងៃទី ២៥ ខែកក្កដា នៅ Capitol Hill ឯកឧត្តម​ ជុំ សុន្ទរី ឯកអគ្គរាជ​ទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក នៅ​ក្រៅកិច្ចប្រជុំ​សភាអាមេរិក​ បានជួបពិភាក្សាការងារ​ ជាមួយឯកឧត្តម​ Andy Levin អនុប្រធានគណៈកម្មាធិការកិច្ច​ការអប់រំ និងការងារ និងជាសមាជិកនៃអនុគណៈកម្មាធិការកិច្ចការ​អាស៊ី និងប៉ាស៊ីហ្វិក នៃគណៈកម្មាធិការ​កិច្ចការបរទេស របស់​សភាអាមេរិក។

ភាគីទាំងពីរបានពិភាក្សា​គ្នា​អំពីការវិវត្ត​នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។  ឯកអគ្គរាជ​ទូត បានគូសបញ្ជាក់​ពី​ការបើកទូលាយរបស់ប្រទេសកម្ពុជាដល់​វិនិយោគទុនបរទេស ការវិវត្ត​ដ៏គួរកត់​សម្គាល់​​នៃ​ក្នុងការផ្លាស់​ប្តូរ​ពាណិជ្ជកម្មទ្វេភាគី​ ទស្សនកិច្ច​មកកម្ពុជាថ្មីៗនេះដោយគណៈប្រតិភូនៃក្រុមហ៊ុនអាមេរិក   ធំៗចំនួន១៥ និងការប្តេជ្ញាចិត្តរួម​របស់រាជរដ្ឋាភិបាលកម្ពុជា និងពាណិជ្ជករអាមេរិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្ម និងការវិនិយោគ ហើយឯកឧត្តម​តំណាងរាស្ដ្របានបង្ហាញ​ការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង​ចំពោះ​ការវិវត្ត   ទាំងនេះ​​។

ឯកអគ្គរាជ​ទូត ក៏បានអញ្ជើញឯកឧត្តមតំណាងរាស្ត្រ​មក​ទស្សនកិច្ចប្រទេសកម្ពុជា ក្នុងគោលដៅ​លើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយ​​ឯកឧត្តមតំណាងរាស្ត្រ ក៏បានបង្ហាញ​​ក្តីរីករាយចំពោះសំណើ​អញ្ជើញនេះដែរ​។