សេចក្តីប្រកាសព័ត៌មាន

  • ខែ​កញ្ញា 5, 2016

ជំនួប​រវាង​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​​ ប្រាក់​ សុខុន​ និង​ឯក​ឧត្តម​ Stephane Dion រដ្ឋ​មន្ត្រី​ការ​បរទេស​កាណាដា​

នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១១:០០ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានទទួលជួបពិភាក្សាផ្លូវការជាមួយគណៈប្រតិភូ កាណាដា ដែលដឹកនាំដោយឯកឧត្តម Stephane Dion រដ្ឋមន្ត្រី ការបរទេសកាណាដា នៅទីស្តីការ ក្រសួង ។

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ច របស់ឯកឧត្តមរដ្ឋមន្រ្តីការបរទេស និងបានរំលឹកឡើងវិញអំពីជំនួបលើកដំបូងរវាង ឯកឧត្តមទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការបរទេសកាណាដា នៅក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្នុងពេលថ្មីៗនេះ ហើយដែលក្នុងឱកាសនោះ រដ្ឋមន្រ្តី ទាំងពីរបាន ជួបពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាជាច្រើន ពាក់ព័ន្ធនឹងការជំរុញទំនាក់ទំនងទ្វេភាគីរវាង ប្រទេសទាំងពីរ ក៏ដូចជាលើសភាពការណ៍ក្នុង តំបន់ និងអន្តរជាតិមួយចំនួនផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋមន្ត្រីការបរទេស កាណាដា ជាមួយនឹងសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាពេលព្រឹក មិញនេះ នឹងរួមចំណែកដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនង សហប្រតិបត្តិការរវាង ប្រទេសទាំងពីរ នាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកាណាដា បានសម្ដែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្ដៅ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានឆ្លៀតពេលវេលា មមាញឹកទទួលជួបឯកឧត្តម ហើយឯកឧត្តម ក៏បានលើកឡើងថា ទស្សន កិច្ចរបស់ឯកឧត្តម ជាផ្នែកមួយ នៃការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកាណាដា ក្នុងការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយ ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវការពេញចិត្តចំពោះការរីកចំរើនក្នុងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ពិសេសការបើកនូវ ការិយាល័យការទូតរបស់កាណាដា ប្រចាំនៅទីក្រុងភ្នំពេញ កាលពីឆ្នាំ២០១៥ ដែលពិធីបើកជាផ្លូវការ នឹងរៀបចំនៅរសៀល ថ្ងៃទី០២  ខែ កញ្ញា ឆ្នាំ២០១៦នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការរីកចំរើនក្នុងកិច្ចសហប្រតិបត្តិការ លើផ្នែក សេដ្ឋកិច្ច ពិសេសលើផ្នែកពាណិជ្ជកម្ម ដែលការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើន ឡើងដល់ប្រមាណជាង ៨២០ លានដុល្លារ ក្នុងឆ្នាំ២០១៥។

នៅលើផ្នែកទេសចរណ៍ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវការរីករាយចំពោះការរីកចំរើន  ដ៏ល្អនូវទំនាក់ទំនងផ្នែកទេសចរណ៍ រវាងប្រទេសទាំងពីរ ពិសេសចំពោះវត្តមានភ្ញៀវទេសចរកាណាដា មកកាន់កម្ពុជា ដែលមានចំនួនរហូតដល់ជិត ៥៧.០០០ នាក់ នៅក្នុង ឆ្នាំ២០១៥ នេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងនូវគំនិតផ្ដួចផ្ដើមចង់ឲ្យប្រទេសទាំងពីរ រៀបចំឲ្យមានព្រឹត្តិការណ៍ ទេសចរណ៍ គឺដើម្បីទាក់ទាញភ្ញៀវទេសចរកាណាដា មកបំពេញទស្សនកិច្ចនៅកម្ពុជាបន្ថែមទៀត។

ក្នុងឱកាសនេះដែរ  ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីកម្មវិធីជំនួយឧបត្ថម្ភរបស់ កាណាដា មកកាន់កម្ពុជា ថ្វីត្បិតតែកម្មវិធី ជំនួយនោះត្រូវបានបញ្ចប់នៅក្នុងឆ្នាំ២០១២ក៏ដោយ  ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្ដែងអំណរគុណរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះ កាណាដា ដែល បានផ្ដល់ជំនួយលើផ្នែកកសិកម្ម សន្តិសុខស្បៀង ការបោះឆ្នោត និងសកម្មភាពបោសសំអាត មីន។ល។ ឯកឧត្តម ក៏បានលើកឡើងពីបំណងរបស់កម្ពុជាចង់ឲ្យកាណាដារៀបចំឲ្យមានកម្មវិធី ជំនួយនេះឡើងវិញ។

នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកាណាដានិងអាស៊ាន ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏ សកម្មរបស់កាណាដា នៅក្នុងទំនាក់ទំនងជាមួយនឹងអាស៊ាន។

ចំពោះសំណើរបស់កាណាដា ដែលសុំចូលជាសមាជិករបស់កិច្ចប្រជុំកំពូលអាស៊ីបូព៌ា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជម្រាបជូនថា បច្ចុប្បន្ននេះកិច្ចប្រជុំកំពូលអាស៊ីបូព៌ា បានផ្អាកនូវការទទួល សមាជិកថ្មី ដោយកិច្ចប្រជុំកំពូលអាស៊ីបូព៌ា កំពុងតែធ្វើការពង្រឹងអង្គការ ចាត់តាំងរបស់ខ្លួន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីបំណងរបស់កម្ពុជា ចង់ឲ្យមានកិច្ចសហប្រតិបត្តិការ ជាមួយកាណាដា លើការប្រែប្រួល អាកាសធាតុ ដែលក្នុងនោះឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើង ពីបំណងសុំឲ្យកាណាដា ផ្ដល់ជំនួយដល់កម្ពុជា លើការទប់ស្កាត់ ផលវិបាកនៃការផ្លាស់ប្ដូរអាកាស- ធាតុ នៅកម្ពុជា។

នៅលើផ្នែកសកម្មភាពបោសសំអាតមីន ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីការប្រឈម នៃបញ្ហាមីនចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសគឺនៅតាមតំបន់ជនបទ ហើយនិងការខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពបោសសំអាតមីននាពេលកន្លងមកនេះ ដែលជាលទ្ធផលធ្វើឲ្យ ចំនួនជនរងគ្រោះដោយសារមីន មានការថយចុះយ៉ាងខ្លាំង ដែលក្នុងរវាងឆ្នាំ២០០០ ដល់ឆ្នាំ២០០៥ មានចំនួន ប្រមាណ ៨០០នាក់ ក្នុង១ឆ្នាំ ហើយបានថយចុះរហូតដល់បីឆ្នាំចុងក្រោយនេះ គឺមាន ចំនួនប្រមាណតែ១០០នាក់ ក្នុង១ឆ្នាំ ប៉ុណ្ណោះ។ ក្នុងន័យនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើ សុំឲ្យកាណាដាបន្តផ្ដល់ការឧបត្ថម្ភដល់កម្ពុជា នៅលើសកម្មភាពបោសសំអាតមីននេះ។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកាណាដា ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការលើកឡើងរបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក្នុងបំណងពង្រឹង និងពង្រីកនូវទំនាក់ទំនងសហប្រតិបត្តិការ រវាងកម្ពុជា-កាណាដា ក្នុងអនាគតខាងមុខនេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា កាណាដាចង់ជួយ កម្ពុជា មិនត្រឹមតែក្នុងតួនាទី ជាប្រទេសផ្ដល់ជំនួយប៉ុណ្ណោះទេ តែក្នុងតួនាទីជាដៃគូ ជាមួយ នឹងកម្ពុជាផងដែរ។ ឯកឧត្តម បានគូសបញ្ជាក់ថា ថ្វីត្បិតកម្មវិធីជំនួយរបស់កាណាដាចំពោះកម្ពុជា បានបញ្ចប់ ក្នុងឆ្នាំ២០១២ តែកាណាដាបានបន្តផ្ដល់ជំនួយដល់កម្ពុជា ក្នុងក្របខ័ណ្ឌពហុភាគី ដូចជាក្នុងក្រប- ខ័ណ្ឌ អាស៊ាន-កាណាដា ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកាណាដា បានសម្ដែងការចាប់អារម្មណ៍ចំពោះការរីកចំរើនក្នុង សកម្មភាពបោសសំអាតមីននៅកម្ពុជា ក៏ដូចជាសំណើរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ដែលចង់ឲ្យ កាណាដាបន្តផ្ដល់ជំនួយលើផ្នែកសកម្មភាពបោសសំអាតមីននេះ ដោយឯក ឧត្តមរដ្ឋមន្ត្រី បានគូស បញ្ជាក់ថា កាណាដា នឹងបន្តផ្ដល់ជំនួយដល់កម្ពុជាក្នុងសកម្មភាពបោសសំអាតមីន ហើយឯកឧត្តម រដ្ឋមន្ត្រី នឹងទៅពិនិត្យផ្ទាល់នៅទីកន្លែងរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីន(CMAC) នៅថ្ងៃទី០៣ ខែកញ្ញា ដើម្បីពិនិត្យអំពីសកម្មភាពបោស សំអាតមីន និងអំពីលទ្ធភាពក្នុងការផ្ដល់ជំនួយរបស់ កាណាដា ចំពោះកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកាណាដា បានរំលឹកឡើងវិញអំពីបំណងរបស់រដ្ឋាភិបាល កាណាដា ចង់ឲ្យមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្ដីអំពីការការពារវិនិយោគទុនរវាង ប្រទេសទាំងពីរ ហើយនៅក្នុងសំណើនេះ ឯកឧត្តទេសរដ្ឋមន្រ្តី បានគូស បញ្ជាក់ថា បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា(CDC)កំពុងតែធ្វើការពិនិត្យដោយយកចិត្តទុកដាក់ លើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនេះ ដែល ស្នើឡើងដោយកាណាដា។

          ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល។

  ភ្នំពេញ, ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ២០១៦