សេចក្តីប្រកាសព័ត៌មាន

  • ខែ​កញ្ញា 14, 2016

ជំនួប​រវាង​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ប្រាក់​ សុខុន​ និង​ឯក​ឧត្តម​ Micheal Tan Keng Siong ឯក​អគ្គ​រដ្ឋ​ទូត​សិង្ហ​បុរី​

នៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១៦:៤៥នាទី ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម Micheal Tan Keng Siong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍ និងការអបអរសាទរចំពោះការតែងតាំងរូបឯកឧត្តម ជាឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសសិង្ហបុរីប្រចាំកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវជំនឿជឿជាក់ថា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងបន្តការងារពីឯកអគ្គរដ្ឋទូតមុន ក្នុងការរួមចំណែកដល់ការពង្រឹង ទំនាក់ទំនងជិតស្និទ្ធិ និងមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានរំលឹកឡើងវិញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសទីមួយ ដែលបានប្រកាសទទួលស្គាល់ប្រទេសសិង្ហបុរីក្នុងរយៈពេលមួយថ្ងៃ បន្ទាប់ពីសិង្ហបុរីទទួលបានឯករាជ្យ។ ឯកឧត្តមបានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏ជិតស្និទ្ធិ និងកក់ក្តៅរវាងព្រះវរៈរាជបិតា អតីតព្រះមហាក្សត្រកម្ពុជា ជាមួយនឹងអតីតនាយករដ្ឋមន្រ្តីសិង្ហបុរី Lee Kuan Yew គឺជាមូលដ្ឋានដ៏រឹងមាំ នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយដែលទំនាក់ទំនងនេះត្រូវបានពង្រីកបន្តទៅទៀត ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ។ ឯកឧត្តមក៏បានលើកឡើងផងដែរថា ដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសសិង្ហបុរីចំនួនពីរលើកក្នុងឆ្នាំ ២០១៥ ហើយនឹងទស្សនកិច្ចរបស់ប្រធានសភាសិង្ហបុរីមកកាន់កម្ពុជា ក្នុងឆ្នាំ ២០១៥ បានរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានឯកភាពជាមួយនឹងការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ក្នុងការវាយតំលៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ហើយឯកឧត្តមក៏បានលើកឡើងដែរថា ឯកឧត្តមនឹងខិតខំបន្តទៅទៀតក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងដ៏ល្អប្រសើរនេះ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតក៏បាន ពិភាក្សាគ្នាអំពីពេលវេលា នៃគម្រោងទស្សនកិច្ចមកកាន់កម្ពុជារបស់ប្រធានាធិបតីសិង្ហបុរី នៅក្នុងដើមឆ្នាំ ២០១៧ ហើយនិងរបស់រដ្ឋមន្រ្តីការបរទេសប្រទេសសិង្ហបុរីនៅចុងឆ្នាំ ២០១៦ នេះ ដែលនឹងរួមចំណែកដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីការពង្រីកកិច្ចសហ-ប្រតិបត្តិការទ្វេភាគី ពិសេសគឺការបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម ការបង្កើនវិនិយោគទុនរបស់សិង្ហបុរីនៅកម្ពុជា កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ហើយនិងជំនួយរបស់សិង្ហបុរី លើការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបង្កើនសមត្ថភាពរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលកម្ពុជា-សិង្ហបុរីនៅភ្នំពេញ។

ឆ្លើយតបនឹងការចាប់អារម្មណ៍របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះការកែទំរង់បច្ចុប្បន្នរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនដោយត្រួសៗ នូវដំណើរការកែប្រែរចនាសម្ព័ន្ធរបស់ក្រសួង ការត្រៀមរៀបចំសម្រាប់បង្កើតឡើងនូវវិទ្យា-ស្ថានការទូត និងទំនាក់ទំនងអន្តរជាតិរបស់ក្រសួង ហើយនិងការផ្លាស់ប្តូរជាបណ្តើរៗនូវរបៀបធ្វើការងារ ការគិតគូ ទំនាក់ទំនង ។ល។ របស់មន្រ្តីក្រសួង។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីបំណងចង់ឱ្យមានកិច្ចសហប្រតិបត្តិការ ក្នុងអនាគតរវាងវិទ្យាស្ថានការទូតខាងលើនេះ ជាមួយនិងសិង្ហបុរី។

          ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

  ភ្នំពេញ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០១៦