សេចក្តីប្រកាសព័ត៌មាន

  • ខែ​កញ្ញា 12, 2019

សាររំលែកមរណទុក្ខរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជូនចំពោះគ្រួសារ អតីតឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ូ ថង ។

 

ខ្ញុំមានសេចក្តីទុក្ខព្រួយនិងសោកសង្រេងដោយក្តីអាឡោះអាល័យក្រៃលែង ក្រោយទទួលដំណឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ូ ថង ប្រធានគណៈកម្មាធិការទី៤នៃព្រឹទ្ធសភាព្រះរាជាណាចក្រកម្ពុជា និងជាឥស្សរជនលេចធ្លោមួយរូបក្នុងចំណោមឥស្សរជនជាច្រើនទៀត ដែលបានរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម បានទទួលមរណភាពក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត ទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៩ នេះ។

ព្រឹទ្ធាចារ្យ ប៊ូ ថង បានលះបង់ និងរួមចំណែកអស់ពេញមួយជីវិតរបស់គាត់ ក្នុងបុព្វហេតុការពារ ស្តារ និងកសាងប្រទេសឡើងវិញ ដើម្បីភាពរស់រានមានជីវិតរបស់ប្រជាជន និងការធានាបាននូវសុខសន្តិភាព និងវិបុលភាព សម្រាប់មាតុភូមិកម្ពុជា។លោកព្រឹទ្ធាចារ្យ ធ្លាប់ជាមេបញ្ជាការរបស់ខ្ញុំ ពេលខ្ញុំនៅបំរើការនៅក្រសួងការពារជាតិ ហើយកាលពីខែមីនា កន្លងទៅ ខ្ញុំបានទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យនៅខេត្តរតនៈគីរី ដែលជាខេត្តកំណើតរបស់គាត់។ ពេលនោះ ទោះបីជាលោកព្រឹទ្ធាចារ្យមានពិការភាពក៏ដោយ តែការចង់ចាំនិងស្មារតីរបស់លោកព្រឹទ្ធាចារ្យ មានសភាពភ្លឺថ្លាច្បាស់លាស់ ដូចអ្នកមានសុខភាពល្អដទៃទៀតដែរ។

ខ្ញុំសូមសំដែងនូវសមានទុក្ខដ៏ជ្រាលជ្រៅ និងក្រៀមក្រំបំផុត ចំពោះគ្រួសារ និងមិត្តភក្តិរបស់លោកព្រឹទ្ធាចារ្យ និងសូមបួងសួងឲ្យព្រលឹងលោកព្រឹទ្ធាចារ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕