ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​តុលា 5, 2019

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំការប្រឡងនិយាយភាសាខ្មែរ

នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៩ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំការប្រឡងនិយាយភាសាខ្មែរ ដើម្បីចូលរួមលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

កម្មវិធីនេះមានការចូលរួមរបស់ឯកឧត្តម ISHIKAWA Hiroshi អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ី
អាគ្នេយ៍ និងអាស៊ីនិរតី នៃក្រសួងការបរទេសជប៉ុន លោកសាស្ត្រាចារ្យ ISHIZAWA Yoshiaki នាយកមជ្ឈមណ្ឌលសូហ្វីយ៉ាអាស៊ី សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍមនុស្ស និងជាប្រធានបេសកកម្មអន្តរជាតិ “សូហ្វីយ៉ា-អង្គរ”  លោកសាស្រ្តាចារ្យ Timothy Newfields មកពីសាកលវិទ្យាល័យ Toyo នៅទីក្រុងតូក្យូ  ព្រមទាំងបងប្អូនប្រជាជនខ្មែរ អ្នកគាំទ្របេក្ខជន-បេក្ខនារី និងមិត្តភក្តិជប៉ុន ចូលរួមយ៉ាងច្រើន
កុះករ។ បន្ទាប់ពីការ​ប្រឡង យើងបានសំណេះសំណាល ពិសាអាហារសាមគ្គី និងរាំលេងកំសាន្ត។

បេក្ខជន/បេក្ខនារីចំនួន ១២ រូប ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់ បានចូលរួមប្រឡងនៅក្នុងឆ្នាំនេះ។ ពួកគាត់បានបរិយាយលើប្រធានបទផ្សេងៗគួរឲ្យចាប់អារម្មណ៍ ដូចជាទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ម្ហូបអាហារ បទពិសោធន៍ ទៅលេងស្រុកខ្មែរ។

លោកសាស្ត្រាចារ្យ ISHIZAWA បានមានប្រសាសន៍អំពីប្រវត្តិអក្សរខ្មែរ និងបានប្រាប់ដល់ជនជាតិជប៉ុនដែលចេះនិយាយភាសាខ្មែរថា  ពួកគាត់គួរមានមោទនភាព ដោយសារចេះនិយាយ និងសរសេរអក្សរខ្មែរ  ដែលជាភាសាមួយមានអាយុកាលយូរលង់មកហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាំងពីសតវត្សទី៦ មកម្ល៉េះ។

សូមបញ្ជាក់ផងដែរថា ការប្រឡងនិយាយភាសាខ្មែរ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ។