ដំណឹង

  • ខែ​មីនា 26, 2020

កម្ពុជា និងម៉ាឡេស៊ី រួមសាមគ្គីប្រឆាំងនឹងជំងឺកូវីដ-១៩

កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មន្ត្រីរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានសម្របសម្រួលឲ្យម៉ាឡេស៊ីបញ្ជូន​យន្តហោះពិសេស​មួយគ្រឿង​មកទទួលជនជាតិរបស់ម៉ាឡេស៊ី ដែលជាប់នៅកម្ពុជាចំនួន ១១១ នាក់ ដោយសារតែការលុបគ្រប់ជើងហោះហើរទាំងអស់តាមបទបញ្ជារគ្រប់គ្រងការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី ។ ជាមួយនេះ ក្រសួងក៏បានសម្របសម្រួលឲ្យពលរដ្ឋកម្ពុជាចំនួន៦នាក់ដែលជាប់នៅម៉ាឡេស៊ី បានធ្វើដំណើរតាមយន្តហោះពិសេសនេះ ត្រឡប់មកកម្ពុជាវិញដែរ។
ដើម្បីធានាសុវត្ថិភាព ពលរដ្ឋទាំង៦នាក់នោះ បានទៅធ្វើតេស្តនៅមន្ទីរពេទ្យចាក់អង្រែពេលមកដល់ភ្លាម។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ឯកឧត្តម Hishammudin Hussein ក៏បានទូរស័ព្ទមកឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីអរគុណកម្ពុជា ចំពោះការសម្រួលមាតុភូមិនិវត្តន៍របស់ពលរដ្ឋម៉ាឡេស៊ីផង ហើយម៉្យាងទៀត ក៏ឆ្លៀតឱកាសពិភាក្សាគ្នាអំពីការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងវីរុសCovid-19 ការរឹតចំណងទាក់ទងទ្វេភាគី និងកិច្ចសហការក្នុងក្របខណ្ឌអាស៊ានផង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជូនពរសារជាថ្មីជូនឯកឧត្តម Hussein ដែលបានឡើងកាន់តំណែងថ្មីនេះ កាលពីថ្ងៃទី៩ ខែមីនាកន្លងទៅ និងបានអរគុណឯកឧត្តមផងដែរចំពោះការអនុញ្ញាតឲ្យពលករខ្មែរបានធ្វើដំណើរតាមយន្តហោះពិសេសរបស់ម៉ាឡេស៊ី ហើយបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនិងពហុភាគី។