ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ឧសភា 13, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ជួបតំណាងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីប្រចាំទីក្រុងហាណូយ

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅស្ថានឯកអគ្គរាជទូតកម្ពុជា ក្នុងទីក្រុងហាណូយ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូត អមដោយលោក សុខ រិទ្ធី លេខាធិការទី១ បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Chékou OUSSOUMAN តំណាងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ប្រចាំទីក្រុងហាណូយ។

ក្នុងឱកាសនៃជំនួប ឯកឧត្តម  Chékou OUSSOUMAN បានរំលឹកពីប្រវត្តិអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងចង់ពង្រឹងទំនាក់ទំនងជាមួយប្រទេសជាសមាជិកបង្កើតអង្គការតំបន់នេះ រួមមានកម្ពុជា។ អង្គការនេះបច្ចុប្បន្នមានសមាជិកចំនួន ៨៨ ប្រទេស ហើយឆ្នាំនេះជាខួបលើកទី៥០ ឆ្នាំ។

ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណនូវបំណងល្អ និងត្រៀមខ្លួនជាស្រេចក្នុងការសហការ និងចូលរួមសកម្មភាពនានារបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ជាពិសេសការថែរក្សាសន្តិភាព ការអប់រំបណ្តុះបណ្តាលភាសាបារាំង និងការអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញនៃប្រទេសជាតិ ដើម្បីផលប្រយោជន៍រួមគ្នានៅក្នុងតំបន់ និងពិភពលោក។