ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ឧសភា 26, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ចូលជួបសម្តែងការគួរសម ជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាម

នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំ​សាធារណរដ្ឋ​សង្គមនិយមវៀតណាម អមដោយមន្រ្តីស្ថានទូត បានចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម។

ឯកឧត្តម ផាម ប៊ិញមិញ បានរំលឹកពីទំនាក់ទំនងមិត្តជាប្រពៃណីយូរអង្វែងជាមួយកម្ពុជា និងការពង្រឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងបានកោតសរសើរកម្ពុជា ដែលទទួលបាន
លទ្ធផលល្អ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ឯកឧត្តមឯកអគ្គរាជទូត សម្តែងនូវការរីករាយចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់វៀតណាម ជាពិសេស
តួនាទីរបស់វៀតណាមជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្រៃ្តយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាដើម។ ឯកឧត្តមក៏បានថ្លែងអំណរគុណឯកឧត្តម ផាម ប៊ិញមិញ ដែលបានជួយកម្ពុជា ផ្តល់សម្ភារ:បរិក្ខាពេទ្យ និងម៉ាស់ពេទ្យ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងកូវីដ-១៩ និងទទួលយកសំណើជួយដល់និស្សិតកម្ពុជា ឲ្យវិលត្រលប់មករៀននៅវៀតណាមវិញ។