ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មិថុនា 26, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី

នៅថ្ងៃទី២៦  ខែមិថុនា ឆ្នាំ ២០២០  ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី  ឯកឧត្តម Hishammunddin Hussein

ក្នុងអំឡុងពេលពិភាក្សានេះ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះការរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋកម្ពុជាដែលបានជាប់គាំងនៅម៉ាឡេស៊ី និងការបន្តកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហានៃការធ្វើដំណើរ ដើម្បីជួយសម្រួលដល់ការវិលត្រលប់របស់ប្រជាជនកម្ពុជា ព្រមទាំងពាណិជ្ជករ
វិនិយោគិន និងនិយោជកម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជាវិញ។ កិច្ចពិភាក្សាក៏បានផ្តោតលើការសម្របសម្រួលការបញ្ជូនមកមាតុប្រទេសវិញនូវជនជាប់ឃុំ និងអ្នកទោសជនជាតិខ្មែរ ផងដែរ។ ឯកឧត្តម
ឯកអគ្គរាជទូតកម្ពុជា បានជម្រាបជូនរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី អំពីលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការដើម្បីផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលគ្មានឯកសារត្រឹមត្រូវ ស្របតាមចេតនារបស់រដ្ឋាភិបាលម៉ាឡេស៊ី៕