ដំណឹង

  • ខែ​កក្កដា 29, 2020

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន  បានជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងមន្ត្រីរាជការ ក្នុងភូមិសាស្ត្រឃុំប្រម៉ោយ ស្រុកវាលវែង

នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អមដំណើរដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព និងគណៈប្រតិភូ បានជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងមន្ត្រីរាជការ ក្នុងភូមិសាស្ត្រឃុំប្រម៉ោយ ស្រុកវាលវែង និងជួបសំណេះសំណាលជាមួយប្រតិបត្តិករបោសសម្អាតមីននៃអង្គការHALO TRUST និងប្រជាពលរដ្ឋ នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន ក៏បានពាំនាំនូវការសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងបានសំដែងការកោតសរសើរនិងអរគុណចំពោះលទ្ធផលនៃការបោសសំអាតមីននិងកាកសំណល់ពីសង្គ្រាមរបស់កងទ័ព
យើង ក្នុងក្របខ័ណ្ឌនៃការហ្វឹកហាត់ត្រៀមចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងក ម្លាំង HALO TRUST។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីការបន្តប្រកាន់ការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ជូនពរសព្វសាធុកា សំរាប់ពេលសំរាក ជំនួសការឈប់សំរាកបុណ្យចូលឆ្នាំថ្មីខាងមុខ និងប្រគល់អំណោយនិងថវិការបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់កងកម្លាំង និងប្រតិបត្តិករបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងប្រជាពលរដ្ឋដែលបានចូលរួម៕