ដំណឹង

  • ខែ​សីហា 8, 2020

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញពិនិត្យអគារការិយាល័យនៅសាលាស្រុកស្អាង

នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាសមាជិកសភាមណ្ឌលខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង បានអញ្ជើញពិនិត្យអគារការិយាល័យនៅសាលាស្រុកស្អាងដែលមានសភាពចាស់ និងចាំបាច់ត្រួវជួសជុលនិងកែលំអរ។ បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការនិងប្រជាពលរដ្ឋ នៅក្នុង បរិវេណអនុវិទ្យាល័យ ហ៊ុន សែន ស្អាងភ្នំ ដោយក្នុងឧ៌កាសនោះ ឯកឧត្តម បានឧបត្ថម្ភអគារសិក្សា១ខ្នង (មាន៦បន្ទប់) និងបន្ទប់ទឹក៦ ព្រមទាំងផ្តល់ថវិកាសម្រាប់ សាងសង់បណ្ណាល័យបំពាក់ដោយសំភារៈពាក់ព័ន្ធ ដល់អនុវិទ្យាល័យនេះ។ នៅព្រឹកថ្ងៃដដែល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តជួបសំណេះសំណាលជាមួយមន្រ្តីមន្ទីរសុខាភិបាលខេត្តកណ្តាល និងបុគ្គលិកពេទ្យ នៅក្នុងបរិវេណមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ដោយក្នុងឧ៌កាសនោះ ឯកឧត្តម បានពាំនាំការផ្តាំផ្ញើរការសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ព្រមទាំងផ្តល់អំណោយជូនមន្ទីរពេទ្យនេះ នូវម៉ាសចំនួន២០.០០០សន្លឹក សំលៀកបំពាក់ពេទ្យចំនួន១.០០០ សម្រាប់ និងថវិកាមួយចំនួនផងដែរ៕