ដំណឹង

  • ខែ​កញ្ញា 23, 2020

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់របស់ក្រសួង

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់របស់ក្រសួង ដើម្បីត្រួតពិនិត្យការងារពាក់កណ្តាលឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កិច្ចប្រជុំបានធ្វើការវិភាគ វាយតម្លៃសភាពការណ៍តំបន់ និងអន្តរជាតិដែលគ្របដណ្តប់ដោយផលប៉ះពាល់ធ្ងន់ធ្ងរ នៃជំងឺរាតត្បាតកូវីដ-១៩ មកលើវិស័យសុខាភិបាល សង្គមកិច្ច និងសេដ្ឋកិច្ចពិភពលោក និងភាពតានតឹងប្រកបដោយគ្រោះថ្នាក់ដែលបង្កឡើងដោយការប្រកួតប្រជែងរវាងមហាអំណាចធំៗ។ ផ្តើមចេញពីស្ថានការណ៍នេះ អង្គប្រជុំបានធ្វើការពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងកំណត់ចេញនូវបន្ទាត់នយោបាយ វិធី និងមធ្យោបាយដែលត្រូវចាត់ទុកថាប្រសើរបំផុត ដើម្បីបន្តការពារផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនយើង ពោលគឺការពារឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងបង្កលក្ខណៈអនុគ្រោះ ដើម្បីការពារសន្តិភាព ស្ថិរភាព និងវិបុលភាព។

កិច្ចប្រជុំក៏បានត្រួតពិនិត្យឡើងវិញនូវសមិទ្ធផលទាំងឡាយដែលសំរេចបានក្នុងការអនុវត្តការងារធំៗទាំង៥របស់ក្រសួង ដោយផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើការងារកែទំរង់ផ្ទៃក្នុង រស់រវើក និងស៊ីជំរៅ។ ក្នុងន័យនេះ អង្គប្រជុំបានគូសរំលេចអំពីការប្រឈម និងកាលានុវត្តភាព បណ្តាសម្ពាធទាំងក្នុង និងក្រៅ មកលើការងារប្រចាំថ្ងៃ និងពិភាក្សារិះរកដំណោះស្រាយនានាឆ្លើយតប និងការប្រឈមទាំងនោះ ដើម្បីកែសំរួលបណ្ដាការងារ និងអាទិភាពឲ្យស្របនឹងការវិវត្តន៍បត់បែននៃសភាពការណ៍ បន្តលើកកំពស់ជំនាញវិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពការងារ។

សមាជិកព្រឹទ្ធសភា រដ្ឋសភា និងតំណាងស្ថាប័នដែលមានផលប្រយោជន៍ពាក់ព័ន្ធ ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងឋានៈជាភ្ញៀវកិត្តិយស៕