News

  • ខែ​តុលា 24, 2016

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំកំពូល យុវជនអាស៊ាន-រុស្សុី លើកទី៤

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយនិងមជ្ឈមណ្ឌលអាស៊ាននៃវិទ្យាស្ថានរដ្ឋទំនាក់ទំនងអន្តរជាតិមូស្គូ បានរៀបចំកិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ីលើកទី៤ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងសៀមរាប ព្រះរាជាណាចក្រ កម្ពុជា ក្រោមមូលបទ “យុវជនអាស៊ាន-យុវជនរុស្ស៊ី៖ ការតភ្ជាប់យុវជនឲ្យកាន់តែទូលំទូលាយ”។ ព្រឹត្តិការណ៍ដ៏សំខាន់នេះជាសកម្មភាពមួយនៃសកម្មភាពរំឭកខួប ដែលរៀបចំឡើងដើម្បីរំឭកខួបលើកទី២០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី នៅក្នុងឆ្នាំនេះ។ យុវជន មន្ត្រី និងអ្នកជំនាញការចំនួនជាង១៥០នាក់ មកពីប្រទេសសមាជិកអាស៊ាន សហព័ន្ធរុស្ស៊ី និងលេខាធិការដ្ឋានអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលយុវជននេះ។

1

នៅក្នុងកម្មវិធីបើកនៃកិច្ចប្រជុំកំពូលខាងលើ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ឯកឧត្ដម    ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ  កម្ពុជា បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលយុវជនដែលមានរយៈពេលពីរថ្ងៃនេះ បានដើរតួនាទីជាវេទិកាដ៏មានប្រយោជន៍សម្រាប់យុវជនមកពីប្រទេសសមាជិកអាស៊ាន និងរុស្ស៊ី ដើម្បីចែករំលែកទស្សនៈសំដៅធ្វើយ៉ាងណាឲ្យការតភ្ជាប់យុវជននៃតំបន់ទាំងពីរកាន់តែទូលំទូលាយថែមទៀត និងដើម្បីលើកកម្ពស់នូវមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងកសាងនូវទំនាក់ទំនងក្នុងចំណោមយុវជនអាស៊ាន និងរុស្ស៊ី។ កិច្ចប្រជុំកំពូលនេះនឹងបង្កើតឡើងនូវស្មារតីទទួលខុសត្រូវសម្រាប់យុវជនក្មេងៗ និងលើកកម្ពស់ថែមទៀតនូវតួនាទីរបស់យុវជន ជាពិសេសគឺការលើកកម្ពស់យល់ដឹងអំពីទំនាក់ទំនងរវាងអាស៊ាន និងរុស្ស៊ីតាមរយៈគំនិត និងសកម្មភាពជាក់ស្ដែង ដើម្បីធ្វើឲ្យទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅថែមទៀត ដើម្បីឈានឆ្ពោះទៅកាន់ភាពជាដៃគូយុទ្ធសាស្ត្រដែលថ្នាក់ដឹកនាំអាស៊ាន និងរុស្ស៊ីបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងសូឈី សហព័ន្ធរុស្ស៊ី កាលពីខែឧសភា កន្លងទៅ។ ទាក់ទងនឹងបញ្ហានេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការធ្វើស្ថាប័ននីយកមុ្មកិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ី ឲ្យទៅជាវេទិកាទៀងទាត់មួយ សម្រាប់អន្តរកម្មសកម្មរវាងយុវជនមកពីអាស៊ាន និងរុស្ស៊ី។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់យុវជនទាំងអស់ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ត្រូវប្រើប្រាស់កាលានុវត្តភាពនេះឲ្យអស់លទ្ធភាព ដើម្បីចូលពិភាក្សាក្នុងប្រធានបទ និងស្វែងរកនូវគំនិតដើម្បីបង្កើតឡើងនូវកម្មវិធីយុវជនស្ម័គ្រចិត្តអាស៊ាន-រុស្ស៊ី ដើម្បីផ្ដល់ឱកាសបន្ថែមទៀតដល់យុវជនរួមចំណែកតាមរយៈស្មារតីជាយុវជនស្ម័គ្រចិត្ត ដើម្បីលើកកម្ពស់ថែមទៀតនូវវិភាគទានរបស់ពួកគេ និងរៀនសូត្រពីបទពិសោធន៍ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីអន្តរវប្បធម៌។

ឯកឧត្តម អ៊ីវ៉ាណូវ អាឡិចសាន់ឌ័រ ឯកអគ្គរដ្ឋទូតគោចរ នៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី បានសម្ដែងការកោតសសើរចំពោះកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ីដ៏មានសារៈសំខាន់នេះ ប្រកបដោយជោគជ័យ។ ឯកឧត្ដមក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តសកម្មភាពចូលរួមចំណែក និងវិភាគទានយ៉ាងសកម្មរបស់យុវជនក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី  ផ្អែកលើមូលដ្ឋានរឹងមាំ ដែលមនុស្សជំនាន់មុនបានធ្វើការយ៉ាងខ្លាំងក្លា ខិតខំកសាងឡើងក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ដើម្បីឈានឆ្ពោះទៅកាន់ភាពជាដៃគូយុទ្ធសាស្ត្រ។

ឯកឧត្ដម ប្រាស៊ីត សៃយ៉ាស៊ីត ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ប្រចាំនៅកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន និងជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី បានសង្កត់ធ្ងន់ថាសិស្ស-និស្សិត និងយុវជន អាចដើរតួនាទីសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសនិងប្រទេស និងរវាងប្រជាជននិងប្រជាជនតាម រយៈទំនាក់ទំនងជាទៀងទាត់ និងតាមរយៈកម្មវិធីផ្លាស់ប្ដូរប្រជាជននិងប្រជាជន ក្នុងគោលបំណងដើម្បីជំរុញនូវការយោគយល់គ្នាឲ្យកាន់តែល្អប្រសើរឡើង និងការយល់ដឹងកាន់តែទូលំទូលាយអំពីភាពសម្បូរបែប និងប្រពៃណីចម្រុះនៅក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន និងសហព័ន្ធរុស្ស៊ី។ សិស្ស-និស្សិត និងយុវជនក៏អាចធ្វើឲ្យបានជាអតិបរមានូវចំណេះដឹងរបស់ខ្លួនផងដែរ តាមរយៈការលើកកម្ពស់ការអប់រំ និងកម្មវិធីផ្លាស់ប្ដូរសិស្ស-និស្សិត ដែលនឹងរួមវិភាគទានក្នុងការលើកកម្ពស់បន្ថែមទៀតនូវការយោគយល់ និងការទុកចិត្តគ្នានាពេលអនាគត។

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចែករំលែកជាមួយកិច្ចប្រជុំកំពូលថា ស.ស.យ.ក.បានបំពេញការងារយ៉ាងសកម្មក្នុងការកសាងទំនាក់ទំនង និងភាពជាដៃគូ ជាមួយអង្គការយុវជននៃបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត ក្នុងកម្រិតទ្វេភាគី តំបន់ និងអន្តរតំបន់។ ឯកឧត្តមបានគូសបញ្ជាក់អំពីសកម្មភាពរបស់ស.ស.យ.ក. ក្នុងការរួមវិភាគទានធ្វើឲ្យកាន់តែស៊ីជម្រៅការតភ្ជាប់រវាងយុវជននិងយុវជនអាស៊ាន និងរុស្ស៊ី តាមរយៈការបង្កើត ទំនាក់ទំនងជាផ្លូវការរវាង ស.ស.យ.ក. និងក្រុមប្រឹក្សាជាតិយុវជនរុស្ស៊ី។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ដោយសារយុវជនគឺជាអនាគតថ្នាក់ដឹកនាំ ដូច្នេះការបង្កើនការយល់ដឹងរវាងគ្នានិងគ្នា និងកាលានុវត្តភាពនៃទំនាក់ទំនងរវាងយុវជន នឹងដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់គាំទ្រទំនាក់ទំនងអាស៊ាន-រុស្ស៊ី បន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។

អ្នកចូលរួមកិច្ចប្រជុំកំពូលនេះបានធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើន ដោយផ្ដោតទៅលើតួនាទីរបស់យុវជនក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងរុស្ស៊ី ក្នុងវិស័យអប់រំ និងការលើកកម្ពស់ឯកភាពវប្បធម៌ក្នុងភាពចម្រុះ ជាមួយនិងទស្សនៈដើម្បីបង្កើនការតភ្ជាប់យុវជននៃតំបន់ទាំងពីរឲ្យកាន់តែទូលំទូលាយឡើង។ កិច្ចពិភាក្សាតុមូលរបស់អ្នកជំនាញការអំពីធាតុចូលរបស់អាស៊ាន និងរុស្ស៊ី សម្រាប់ការតភ្ជាប់រវាងវេទិកា  ពហុភាគី និងដំណើរការសមាហរណកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ត្រូវបានរៀបចំឡើងក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះផងដែរ។ ក្រៅពីកិច្ចពិភាក្សាក្នុងអង្គប្រជុំ កិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ីលើកទី៤បានបញ្ចប់ដោយមានទស្សនកិច្ចទៅប្រាសាទអង្គរវត្ត ពិធីអាហារពេលល្ងាច និងការសម្ដែងសិល្បៈ ពីសំណាក់អ្នកចូលរួម។

កិច្ចប្រជុំកំពូលនេះនឹងចេញនូវសេចក្ដីថ្លែងការណ៍សៀមរាប ដែលមានបញ្ចូលនូវអនុសាសន៍គន្លឹះសំខាន់ៗ ដើម្បីធ្វើឲ្យស៊ីជម្រៅភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ឈានឆ្ពោះទៅកាន់ភាពជាដៃគូយុទ្ធសាស្ត្រ។

 

ទាញយកឯកសារ PDF