សេចក្តីប្រកាសព័ត៌មាន

  • ខែ​តុលា 28, 2016

ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេសសឹង្ហបូរី​ អន្តរាគមន៍​ជួយ​សង្រ្គោះ​នារី​ខ្មែរ​ចំនួន​៣នាក់​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសឹង្ហបូរី បានអន្តរាគមន៍ជួយនារីខ្មែរ៣នាក់ ដែលចាញ់ បោកមិត្តភក្តិទៅធ្វើការជានារីខារ៉ាអូខេនៅសឹង្ហបូរី អោយបានត្រឡប់មកកម្ពុជាវិញ៖

(១) នារីឈ្មោះ .ស   អាយុ៣២ឆ្នាំ  មានស្រុកកំណើតនៅខេត្តព្រៃវែង

(២) នារីឈ្មោះ .ន  អាយុ២៣ឆ្នាំ  មានស្រុកកំណើតនៅខេត្តកំពង់ចាម

(៣) នារីឈ្មោះ .ដ  អាយុ២៣ឆ្នាំ  មានស្រុកកំណើតនៅខេត្តកោះកុង។

នារីខ្មែរទាំង៣នាក់ បានសម្រេចចិត្តទៅធ្វើការនៅសឹង្ហបូរី ដោយរំពឹងថា នឹងបានការងារជាអ្នក ចាប់ទឹកកនៅក្នុងក្លឹបរាំកំសាន្ត តាមការអះអាងរបស់មិត្តភក្តិ។ ប៉ុន្តែ នៅពេលទៅដល់សឹង្ហបូរី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៦ នារីទាំង៣នាក់ ត្រូវបានគេណែនាំអោយធ្វើការជានារីខារ៉ាអូខេវិញ។ នារីរងគ្រោះ បានស្នើសុំថៅកែខារ៉ាអូខេ អោយបញ្ជូនមកកម្ពុជាវិញ តែត្រូវបានថៅកែតម្រូវអោយពួកគេសងប្រាក់ចំនួន១៥០០ដុល្លារសឹង្ហបូរី លើថ្លៃសំបុត្រយន្តហោះ និងថ្លៃកន្លែងស្នាក់នៅ ដើម្បីទទួលបានលិខិតឆ្លងដែនវិញ។

នារីទាំង៣នាក់ បានស្នើសុំស្ថានទូតកម្ពុជា ជួយយកលិខិតឆ្លងដែនពីថៅកែខារ៉ាអូខេ និងជួយអោយបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ភាគីថៅកែខារ៉ាអូខេ បានយល់ ព្រមប្រគល់លិខិតឆ្លងដែនទាំង៣ច្បាប់ និងទិញសំបុត្រយន្តហោះ អោយនារីខ្មែរទាំង៣នាក់។

នារីរងគ្រោះទាំង៣នាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៦ វេលាម៉ោង២០:៥០នាទី តាមជើងយន្តហោះលេខ3K591

អំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជា ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅនិងអាហារបរិភោគ ដល់ ពួកគេផងដែរ៕

              ភ្នំពេញ, ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៦