សេចក្តីប្រកាសព័ត៌មាន

  • ខែ​តុលា 28, 2016

ការ​បំភ្លឺ​ ស្តី​ពី​​ជំនួប​ពិភាក្សា​ការងារ​រវាង​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​​ ប្រាក់​​ សុខុន​ ជា​មួយ​លោក​ Daniel​ Russel​ ឧបការី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​

វិទ្យុអាស៊ីសេរី បានធ្វើការផ្សព្វផ្សាយនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៦ នូវព័ត៌មានស្តីពីជំនួបពិភាក្សាការងារ រវាងឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ-ប្រតិបត្តិការអន្តរជាតិ ជាមួយលោក Daniel Russel ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងជំនួបនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលក្នុងនោះបានផ្សាយថា៖

“លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសសម្ដែងក្ដីសង្ឃឹមប្រាប់លោក ដានីញ៉ែល រ៉ាស្សែល (Daniel R. Russel) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ី-អាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្នុងជំនួបមួយកាលពីថ្ងៃម្សិលមិញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រឆាំងនឹងជួបចរចាគ្នាក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចប់ភាពតានតឹងខាងនយោបាយរវាងបក្សទាំងពីរ។ ហេតុផលដែលលោក ប្រាក់ សុខុន រំពឹងថា វិបត្តិនយោបាយនឹងអាចដោះស្រាយបាននោះ ដោយសារតែតំណាងរាស្ត្រគណបក្សប្រឆាំងព្រមចូលរួមកិច្ចប្រជុំរដ្ឋសភាឡើងវិញ។”

អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការកត់សំគាល់ចំពោះការផ្សាយនេះដូចតទៅ៖

១.  ការផ្សាយនេះ ពុំបានបញ្ជាក់ពីប្រភពព័ត៌មានសោះឡើយ។

២. ព័ត៌មានដែលបានផ្សព្វផ្សាយនេះ គឺប្រាស់ចាកពីការពិត ដែលក្នុងកិច្ចសន្ទនា ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ពុំបានលើកឡើងទាល់តែសោះថា “លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រឆាំងនឹងជួបចរចាគ្នាក្នុងពេលឆាប់ៗនេះ” ដូចការផ្សាយរបស់វិទ្យុអាស៊ីសេរីនោះឡើយ។

៣. នៅក្នុងជំនួប ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖

  • ការចូលរួមរបស់សមាជិកសភាគណបក្សប្រឆាំង ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦ គឺជាសញ្ញានៃភាពធូរស្រាល ដែលអាចនាំដល់ការចូលរួមរបស់សមាជិកសភាគណបក្សប្រឆាំង ក្នុងសម័យប្រជុំរបស់រដ្ឋសភា នាពេលខាងមុខ។
  • ការបំពេញតួនាទីដ៏ត្រឹមត្រូវរបស់តំណាងរាស្ត្រ គឺតាមរយៈការចូលរួមនៅក្នុងកិច្ចប្រជុំរបស់រដ្ឋសភា។ សមាជិកសភាគណបក្សប្រឆាំង នឹងមិនបំពេញតួនាទីរបស់ខ្លួនជាតំណាងរាស្ត្រទេ បើគេធ្វើពហិកាកិច្ចប្រជុំរដ្ឋសភា។

ភ្នំពេញ, ថ្ងៃទី ២៨  ខែ  តុលា ឆ្នាំ ២០១៦

 

ទាញយកឯកសារ PDF