ដំណឹង

  • តុលា ២៧, ២០១៦

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ជួបលោក Daniel R. Russel

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១០:០០នាទី ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោក Daniel R. Russel ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួប ពិភាក្សាការងារ នៅទីស្តីការក្រសួង។

photo_2016-10-31_15-35-18_da

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសំដែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក Daniel R. Russel មកកាន់ព្រះរាជាណាចក្រកម្ពុជាជាថ្មីម្តងទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹកឡើងវិញពីជំនួបរវាងឯកឧត្តម ជាមួយលោក Daniel R. Russel កាលពីខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ក្នុងឱកាសដែលឯកឧត្តមទេសរដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញីវយ៉ក ហើយដែលឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃថា ជាការជួបពិភាក្សាផ្លាស់ប្តូរយោបល់គ្នាដោយត្រង់ទៅត្រង់មក គោរពគ្នាទៅវិញទៅមក និងមានការយោគយល់គ្នា ។

លោក Daniel R. Russel បានសម្តែងនូវការរីករាយ ដែលបានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី ជាថ្មីម្តងទៀត នៅទីក្រុងភ្នំពេញនេះ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោក Daniel R. Russel បានពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាជាច្រើន ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ហើយនិងលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោក Daniel R. Russel ក៏បានសំដែងនូវការរីករាយពេញចិត្ត ចំពោះការរីកចំរើនក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅលើគ្រប់ផ្នែកទាំងអស់ ពិសេសកិច្ចសហប្រតិបត្តិការ លើផ្នែកការអនុវត្តច្បាប់ ការស្វែងរកអដ្ឋិធាតុរបស់ជនជាតិអាមេរិក ដែល បានបាត់ខ្លួននៅក្នុងសង្គ្រាម កិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការប្រែប្រួលអាកាសធាតុ ជាដើម។

ឯកឧត្តមឧបការី បានសម្តែងក្តីសោមនស្សរីករាយ និងបានកត់សម្គាល់ជាពិសេសថា ឆ្នាំ២០១៦ គឺជាឆ្នាំដែលមានសារៈសំខាន់ប្រកបដោយលក្ខណៈស្ថាបនាសម្រាប់ទំនាក់ទំនងកម្ពុជា-អាមេរិក ដោយមានទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស John Kerry នៅកម្ពុជា និងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅអាមេរិក។ បច្ចុប្បន្ននេះ ទោះមានមតិមិនស្របគ្នាលើបញ្ហាមួយចំនួនក្តី ប្រទេសទាំងពីរមាន “សុឆន្ទៈធំធេង” (great good-will) ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ឯកឧត្តមឧបការី ក៏បានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងនេះនឹងមានការរីកចម្រើនជាវិជ្ជមានជាបន្តទៀត នៅពេលចាប់ផ្តើមអាណត្តិប្រធានាធិបតីថ្មីរបស់អាមេរិក នៅក្នុងឆមាសទី ១ ឆ្នាំ ២០១៧ នេះ ទន្ទឹមនឹងពេលដែលកម្ពុជា រៀបចំការបោះឆ្នោតឃុំសង្កាត់ និងបានសម្តែងការវាយតម្លៃខ្ពស់ចំពោះលទ្ធផលបច្ចេកទេសនៃការចុះឈ្មោះបោះឆ្នោតនៅកម្ពុជា។ ក្រៅពីនេះ ឯកឧត្តមឧបការី បានជម្រាបជូន ឯកឧត្តមទេសរដ្ឋមន្ត្រី នូវទស្សនៈ និងជំហររបស់អាមេរិកលើបញ្ហាមួយចំនួនក្នុងតំបន់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានទទួលស្គាល់ដែរថា ទំនាក់ទំនងកម្ពុជា-អាមេរិក ពុំធ្លាប់មានកម្រិតខ្ពស់ដូចពេលនេះទេ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមឧបការី ថា ការចុះឈ្មោះបោះឆ្នោតសម្រេចបាន៦៦ភាគរយហើយ គិតត្រឹមថ្ងៃទី ២៥ ខែ តុលា ដែលលទ្ធផលនេះនឹងក្លាយជាសក្ខីកម្មបញ្ជាក់ថា គ្មានការបន្លំតួលេខនៃអ្នកចុះឈ្មោះបោះឆ្នោតដូចការចោទប្រកាន់នោះទេ ទោះបីពីមុនយើងចុះឈ្មោះដោយដៃក៏ដោយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការចូលរួមរបស់សមាជិកសភាគណបក្សប្រឆាំង ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦ គឺជាសញ្ញានៃភាពធូរស្រាល ដែលអាចនាំដល់ការចូលរួមរបស់សមាជិកសភាគណបក្សប្រឆាំង ក្នុងសម័យប្រជុំរបស់រដ្ឋសភា នាពេលខាងមុខ និងថា ការបំពេញតួនាទីដ៏ត្រឹមត្រូវរបស់តំណាងរាស្ត្រ គឺតាមរយៈការចូលរួមនៅក្នុងកិច្ចប្រជុំរបស់រដ្ឋសភា។ សមាជិកសភាគណបក្សប្រឆាំង នឹងមិនបំពេញតួនាទីរបស់ខ្លួនជាតំណាងរាស្ត្រទេ បើគេធ្វើពហិកាកិច្ចប្រជុំរដ្ឋសភា។

ពាក់ព័ន្ធនឹងសភាពការណ៍តំបន់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា កម្ពុជាមានសេចក្តីរីករាយដែលទំនាក់ទំនងរវាងចិន និងហ្វីលីពីន មានភាពធូរស្រាល។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កន្លងមក កម្ពុជាបានប្រកាន់ជំហរអព្យាក្រឹត្យប្រកបដោយសង្គតិភាពថា ជម្លោះនៅសមុទ្រចិនខាងត្បូងគឺជាជម្លោះរវាងចិន និងប្រទេសមួយចំនួនដែលជាសមាជិកអាស៊ាន តែមិនមែនជាជម្លោះរវាងចិន និងអាស៊ានទាំងមូលនោះទេ ហើយនៅវៀងច័ន្ទ កម្ពុជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការ បញ្ជៀសកុំឲ្យស្ថានការណ៍ដែលពេលនោះមានភាពធ្ងន់ធ្ងរស្រាប់ហើយ ធ្លាក់កាន់តែដុនដាបថែមទៀត ដោយបដិសេធមិនចូលរួមធ្វើសកម្មភាពណា ឬប្រើពាក្យពេចន៍ណា ដែលនាំឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពតំបន់ ។

លោក Daniel R. Russel ក៏បានអះអាងជូនឯកឧត្តមទេសរដ្ឋមន្រ្តី ថាដំណើរទស្សនកិច្ច របស់លោក នាពេលនេះ គឺដើម្បីពិភាក្សាផ្លាស់ប្ដូរយោបល់ដោយត្រង់ទៅត្រង់មក ជាមួយនឹងកម្ពុជា មិនមែនមកដើម្បីធ្វើការទិតៀន ហើយប្រាប់កម្ពុជាឲ្យធ្វើនេះធ្វើនោះ នោះទេ។ ក្រសួងការបរទេស អាមេរិក និងស្ថានទូតអាមេរិក ចង់ធ្វើខ្លួនជាដៃគូជាមួយកម្ពុជា។ ជំនួបពិភាក្សានេះ បានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នា។

 

ទាញយកឯកសារ PDF